ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា​ ៖ សសរស្តម្ភ៣ ដែលប្រធានមន្ទីរសុខាភិបាល បន្តពង្រឹងប្រសិទ្ធភាពប្រព័ន្ធថែទាំសុខភាព

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា សសរស្តម្ភសំខាន់ចំនួនបី ដើម្បីប្រធានមន្ទីរសុខាភិបាលបន្តពង្រឹងប្រសិទ្ធភាព នៃប្រព័ន្ធថែទាំសុខភាពនៅសហគមន៍ និងថ្នាក់ក្រោមជាតិ គឺភាពជាអ្នកដឹកនាំ វិន័យ និងការទទួលខុសត្រូវ ។

ក្នុងឱកាសអញ្ជើញ​​ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃមន្ទីរសុខាភិបាល ដែលបានខិតខំក្នុងការបំពេញភារកិច្ច សហការគ្នា និងដឹកនាំដែលមានការរីកចម្រើន និងវឌ្ឍនភាពជាច្រើនក្នុងខេត្ត។

បន្ថែមពីនេះ សាស្រ្តាចារ្យ បានថ្លែងអំណរគុណ និងការកោតសរសើរដល់អតីតប្រធានមន្ទីរសុខាភិបាល ចូលនិវត្តន៍ ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំបំពេញ ការងារកន្លងមកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទី តាមភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនប្រកបដោយកិត្តិយស ក្រមសីលធម៌វិជ្ជាជីវៈ និងបានបន្សល់ទុកនៅស្នាដៃជាច្រើន សំដៅរួមចំណែកធ្វើឱ្យវិស័យសុខាភិបាល កាន់តែល្អប្រសើរ ។

សាស្រ្តាចារ្យ ជឿជាក់ថា ប្រធានមន្ទីរដែលចូលកាន់មុខតំណែងថ្មីនេះ ត្រូវខិតខំ សហការការងារឱ្យបានល្អជាមួយមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធបញ្ចេញឱ្យអស់ពីភាពប៉ិនប្រសប់របស់ខ្លួន ចេះកៀរគរធនធាន ។ ក្នុងនោះត្រូវចេះប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានដែលមានស្រាប់ រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ដឹកនាំគ្រប់គ្រង​ មន្ត្រីរាជការ ក្រោមឱវាទឱ្យបានល្អ គោរពក្រមសីលធម៌វិជ្ជាជីវៈ និង ជាអ្នកបម្រើសេវាសុខាភិបាល ដែលមានគុណភាពល្អ ប្រសើរឡើង ស្របតាមផែនការយុទ្ធសាស្រ្តក្រសួងសុខាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ការចាត់តាំងទាំងឡាយ ក្នុងកម្រិតខ្ពស់ណាមួយ គឺជាការទទួលខុសត្រូវ ក្នុងការងារ និងគ្រាន់តែជាការចាប់ផ្តើមដោះស្រាយនូវភាពស្មុគស្មាញទាំងឡាយ ដែលកើតមានសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក ។ ដោយការដឹកនាំ ការទទួលខុសត្រូវរបស់មន្ទីរសុខាភិបាលខេត្ត មិនមែនគ្រប់គ្រងត្រឹមជារដ្ឋបាលនោះទេ តែតម្រូវឱ្យមានភាពជាអ្នកដឹកនាំ ដែលជាគំរូ ក្នុងការបម្រើអត្ថប្រយោជន៍រួម និងប្រយោជន៍សាធារណៈ៕

To Top