ព័ត៌មានជាតិ

ស្នងការ​នគរបាល រាជធានីភ្នំពេញ បញ្ជាកង កម្លាំងនគរបាល ត្រូវគ្រប់គ្រង តាមដានក្តោបសភាពការណ៍ ការងារសន្តិសុខឲ្យបានម៉ឺងម៉ាត់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនសមត្ថភាព គ្រប់គ្រងតាមដានក្តោបសភាពការណ៍ ការងារសន្តិសុខឲ្យបានម៉ឺងម៉ាត់ ពិសេស រាល់មុខសញ្ញាបង្កចលាចលសង្គម។

ការដាក់បទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើឡើងក្នុងកិច្ចប្រជុំបូក សរុបសភាពការណ៍លទ្ធផល នៃកិច្ចប្រតិបត្តិការការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារ បន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ក្នុងរាជធានីភ្នំពេញ។

លោកអគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដាក់បទបញ្ជាឲ្យលោក-លោកស្រី ស្នងការរង លោកនាយការិយាល័យនាញ និងលោកអធិការ នគរបាលខណ្ឌទាំង១៤ ត្រូវពង្រឹងយកចិត្តទុកដាក់ ដឹកនាំបញ្ជាកម្លាំង អនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឲ្យធានាបានសុខសុវត្ថិភាព ជាដាច់ខាត។

លោក ស្នងការ ក៏បានណែនាំឲ្យជំនាញ ព្រហ្មទណ្ឌ ជំនាញសន្តិសុខ ទាំងការិយាល័យជំនាញ និងអធិការដ្ឋាន នគរបាលខណ្ឌ ត្រូវពង្រឹងបង្កើនសមត្ថភាព គ្រប់គ្រង តាមដានក្តោបសភាពការណ៍ ការងារសន្តិសុខ ឲ្យបានម៉ឺងម៉ាត់ ជាពិសេស រាល់មុខសញ្ញា បង្កចលាចលសង្គម និងមុខសញ្ញាចោរ លួច ឆក់ប្លន់ ក្មេងទំនើង ដើម្បីដាក់ចេញវិធានការ បង្ការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ។

លោក ស្នងការ បានជំរុញពង្រឹងត្រៀមកម្លាំងអន្តរាគមន៍ ប្រចាំការរងចាំទទួលបទបញ្ជា ពង្រឹងអនុវត្តរៀបចំផែនការ សកម្មភាព ការពារ ទៅតាមមូលដ្ឋាន និងគោលដៅ នានាដូចជាវត្តអារាម កន្លែងសប្បាយភាព រមណីយដ្ឋាន ហើយចាត់កម្លាំងចុះអនុវត្ត ដោយមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់។

លើសពីនេះ លោក ស្នងការ ក៏បានជំរុញឲ្យមានការយកចិត្តទុកដាក់ដោះស្រាយសម្រួលចរាចរណ៍ជាពិសេសលំហូរចេញ នៅពេលចរាចរណ៍មានភាពមមាញឹក នៅតាមគោលដៅ ដែលមានបញ្ហាប្រឈមកកស្ទះ ដើម្បីពន្លឿនការធ្វើដំណើរ របស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានសុវត្ថិភាព ។ ត្រៀមរថយន្តបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យ ដើម្បីចេញអន្តរាគមន៍ ក្នុងករណីកើតឡើងអគ្គិភ័យ ជាយថាហេតុណាមួយ៕

To Top