សម្តេចតេជោ ៖ សមាគមជប៉ុន-កម្ពុជា បានទាក់ទាញវិនិយោគជប៉ុន មករកស៊ីនៅកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជាបានបង្ហាញ ការពេញចិត្តជាខ្លាំង ចំពោះសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ដែលបានចូលរួមចំណែកទាក់ទាញ ក្រុមអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបានឱ្យដឹង ក្រោយសម្តេចតេជោ អនុញ្ញាតឱ្យលោក តាកាយ៉ាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការ គួរសមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ថា ប្រធានសមាគម បានលើកឡើងពីសក្តានុពលរបស់កម្ពុជា សម្រាប់ការវិនិយោគ ផ្នែកសហគ្រាខ្នាតតូច និងមធ្យមនៅកម្ពុជា ដែលមានភាពអំណោយផល លើផ្នែកធនធានធម្មជាតិ ដែលខាងសមាគមបានចាប់អារម្មណ៍ជាខ្លាំង។ លោកថា សមាគមកំពុងជំរុញទៅលើការវិនិយោគសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាឱ្យកាន់តែច្រើនឡើង។
ជាកិច្ចឆ្លើយតប សម្តេចតេជោពេញចិត្តចំពោះការលើកឡើងរបស់ប្រធានសមាគមជប៉ុន-កម្ពុជា ។ ដោយសម្តេចតេជោ លើកឡើងពីសហគ្រាសខ្នាតតូចនិងមធ្យមដើម្បីជំរុញឱ្យមានការវិនិយោគកាន់តែច្រើនឡើង ព្រោះសម្តេចចាត់ទុកសហគ្រាសខ្នាតតូចនិងមធ្យម ជាចលករយ៉ាងសំខាន់ក្នុង ការចូលរួមចំណែកជួយពង្រឹង សេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

លោក ជា ធីរិទ្ធ បញ្ជាក់ថា “សម្តេចតេជោបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពរបស់សមាគមដែលបានរីកចម្រើន ចាប់តាំងពីបង្កើតនៅព្រះរាជាណាចក្រកម្ពុជា ហើយបានទាក់ទាញនូវអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន មករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង”។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា សមាគមជប៉ុន-កម្ពុជាបានចូលរួមចំណែក ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដកិច្ចកម្ពុជាដែលដើរ ទន្ទឹមជាមួយនឹងរដ្ឋាភិបាលជប៉ុន ដែលបានជួយជ្រោមជ្រែងផ្តល់ ជំនួយផ្សេងៗមកកម្ពុជាលើវិស័យជាច្រើនផងដែរ ៕


