ព័ត៌មានជាតិ

សន្និសីទស្តីពីអន្តរសកម្ម និងវិធានការ​ កសាងទំនុកចិត្តនៅអាស៊ី ប្តេជ្ញាផ្សព្វផ្សយសក្តានុពលទេសចរណ៍កម្ពុជា​​ ដល់ប្រទេសសមាជិកទាំង២៨

ភ្នំពេញ៖ កម្ពុជា និងសន្និសីទ ស្តីពីអន្តរសកម្ម និងវិធានការកសាង ទំនុកចិត្តនៅអាស៊ី (CICA) ប្តេជ្ញាជំរុញកិច្ច សហប្រតិបត្តិការ លើវិស័យទេសចរណ៍បន្ថែមទៀត តាមរយៈការតភ្ជាប់ និងផ្សព្វផ្សយសក្តានុពលទេសចរណ៍កម្ពុជា​ ​ដល់ប្រទេសសមាជិក ២៨ ប្រទេសគ្របដណ្តប់៩០% នៃដែនដី និងប្រជាជនទ្វីបអាស៊ី ។

ការប្តេជ្ញានេះធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Kairat Sarybay អគ្គលេខាធិការនៃសន្និសីទអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ពីការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិក CICA នាទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើស្ថានភាពទូទៅ និងទិសដៅអភិវឌ្ឍន៍នៃវិស័យទេសចរណ៍ ព្រមទាំងពិភាក្សាលើឱកាសសហប្រតិបត្តិការជាក់ស្តែងជាមួយបណ្តាប្រទេសសមាជិក CICA ក្នុងការជំរុញការតភ្ជាប់ទេសចរណ៍ក្នុងតំបន់។

ជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សាស៊ីជម្រៅលើគំនិតផ្តួចផ្តើម​ សហប្រតិបត្តិការជាច្រើន រួមមាន ការរៀបចំវេទិកាទេសចរណ៍ CICA ការអភិវឌ្ឍគម្រោងខ្សែក្រវ៉ាត់ទេសចរណ៍ ការរៀបចំកិច្ចប្រជុំជំនាញ ឬសិក្ខាសាលា ការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងគោលដៅទេសចរណ៍រួម ក៏ដូចជាកម្មវិធីទេសចរណ៍យុវជន និងការផ្លាស់ប្តូរអប់រំ ដើម្បីលើកកម្ពស់ការតភ្ជាប់ និងការយល់ដឹងរវាងប្រជាជននៃប្រទេសសមាជិក។

លើសពីនេះ កម្ពុជា ក៏បានស្នើឱ្យ CICA ពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ ការតាំងពិព័រណ៍ និងវេទិកាថ្នាក់តំបន់ ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍ និងជំរុញការវិនិយោគ រួមទាំងការរៀបចំវេទិកាវិនិយោគទេសចរណ៍ CICA លើកដំបូង និងកម្មវិធី FAM Trip ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជា ព្រមទាំង បានស្នើឱ្យមានការជំរុញការបណ្តុះបណ្តាលសមត្ថភាពមន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងចំណេះដឹងវិជ្ជាជីវៈ សមត្ថភាពស្ថាប័ន និងជំនាញបច្ចេកទេស ដែលនឹងរួមចំណែក​ លើកកម្ពស់គុណភាពសេវាកម្ម និងការគ្រប់គ្រងវិស័យទេសចរណ៍។

គួរបញ្ជាក់ផងដែរថា សន្និសីទអន្តរសកម្ម និង វិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៩៩ មានទីស្នាក់ការកណ្តាលនៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន ហើយមានសមាជិកចំនួន ២៨ ប្រទេស គ្របដណ្តប់ប្រមាណ ៩០% នៃដែនដី និងប្រជាជនអាស៊ី។ ប្រទេសកម្ពុជា ក៏បានចូលជាសមាជិកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ និងបានចូលរួមយ៉ាងសកម្មក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់៕

To Top