អ្នកតាមដានសង្គម ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ បង្កដោយកូនប្រុសស្នងការរង ខេត្តបន្ទាយមានជ័យ កំពុងក្លាយជាផ្ទាំងស៊ីប
ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា អ្នកតាមបញ្ហាសង្គម បានលើកឡើងជាទស្សនៈថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដែលបានឆក់យកជីវិតមនុស្ស មួយគ្រួសាររហូតដល់ទៅ៦នាក់ កំពុងក្លាយជាផ្ទាំងស៊ីប នៃការតាមដាន យ៉ាងយកចិត្តទុកដាក់ ពីសាធារណជន។ អ្វីដែលកាន់តែក្ដៅគគុកនោះ គឺជនបង្កត្រូវបានគេស្គាល់ថា ជាកូនស្នងការរងខេត្តបន្ទាយមានជ័យ ខណៈដែលសម្ដេចនាយករដ្ឋមន្ត្រី បានចេញបទបញ្ជាយ៉ាងដាច់ខាត ឱ្យនាំខ្លួនជនបង្កមកអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីផ្ដល់យុត្តិធម៌ ដល់ជនរងគ្រោះ។

តាមរយៈសំណេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១ មេសានេះ លោកបណ្ឌិត គិន ភា បានបញ្ចេញមតិថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាដោយផ្ទាល់ ទៅកាន់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យធ្វើការស្រាវជ្រាវ យ៉ាងហ្មត់ចត់ ដើម្បីរកឱ្យឃើញអ្នកបើកបរពិតប្រាកដ និងចាត់វិធានការ តាមផ្លូវច្បាប់ដោយគ្មានការលើកលែង ។
លោកបន្តថា ទោះជាយ៉ាងណា រយៈពេលបីថ្ងៃ ក្រោយឧប្បត្តិហេតុដ៏ប្រល័យនេះកើតឡើង ទើបស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចេញលិខិតកោះហៅ ដោយប្រើប្រាស់ភាសាគួរសមថា «អញ្ជើញឈ្មោះ ស៊ីវ ពិសិដ្ឋ ម្ចាស់កម្មសិទ្ធិរថយន្តបង្ក… ចូលខ្លួនមកបំភ្លឺនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទី» ។ គិតមកទល់ពេលនេះ បើទោះជាហួសកាលបរិច្ឆេទនិងម៉ោងកំណត់ក៏ដោយ ក៏បុគ្គលឈ្មោះ ស៊ីវ ពិសិដ្ឋ នៅតែមិនទាន់បង្ហាញខ្លួននៅឡើយ ។ ចំណែកឯស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានត្រឹមតែចេញសេចក្ដីប្រកាសព័ត៌មានពីរបីបន្ទាត់ថា បុគ្គលនោះមិនទាន់ចូលខ្លួន តាមការកោះហៅ ដោយមិនបានបញ្ជាក់ពីវិធានការតឹងរ៉ឹង បន្ទាប់ណាមួយឡើយ។

សំណួរដែលត្រូវសួរនោះគឺ តើនេះជាការសាកល្បងអំណាចបញ្ជារបស់នាយករដ្ឋមន្ត្រីឬ? តើនេះជាការប្រមាថចំពោះច្បាប់ ប្រព័ន្ធយុត្តិធម៌ និងអាយុជីវិតមនុស្សទាំង ៦ នាក់ឬ?
បើសូម្បីតែករណី ដែលកើតឡើង នៅចំពោះមុខ និងមានភស្តុតាងច្បាស់លាស់ ដែលសាធារណជនដឹងឮព្រោងព្រាតហើយ សមត្ថកិច្ចនៅតែមិនទាន់អាចនាំខ្លួន ជនបង្កមកផ្ដន្ទាទោសបាន តើទម្រាំរឿងរ៉ាវ ដែលមានលក្ខណៈបច្ចេកទេសស្មុគស្មាញ ឬអាថ៌កំបាំងជាងនេះ តើគេអាចនឹងបិទបាំងសំណុំរឿង មិនឱ្យថ្នាក់ដឹកនាំ ដឹងដល់កម្រិតណាទៅ? តើមានរាស្ត្រប៉ុន្មាននាក់ទៀត ដែលត្រូវរងគ្រោះដោយសារការ អនុវត្តច្បាប់ដែលមានស្តង់ដារ ពីរបី ចំពោះមន្ត្រីមានអំណាចបែបនេះ? ។
លោកបន្ថែមថា អ្វីដែល គួរឱ្យខ្លោចចិត្តបំផុតនោះ គឺជនបង្កនិងក្រុមគ្រួសារ ហាក់មិនបង្ហាញការតក់ស្លុត ឬការទទួលខុសត្រូវ ចំពោះការបាត់បង់ជីវិតមនុស្សមួយគ្រួសារ ក្នុងមួយព្រិចភ្នែកបន្តិចណាសោះ ។ តើពួកគេមានបេះដូងជាមនុស្សដែរឬទេ? តើពួកគេធ្លាប់បានប្រព្រឹត្តរឿងអាក្រក់និងរឿងឧក្រិដ្ឋធ្ងន់ធ្ងរជាងនេះឬ? ។
លោកបណ្ឌិតបន្ថែមទៀតថា បើស្ថាប័នមានសមត្ថកិច្ច មិនអាចចាត់ការរឿងនេះឱ្យមានយុត្តិធម៌ចប់ចុងចប់ដើមទេ ប្រជាជននឹងបាត់បង់ទំនុកចិត្ត លើប្រព័ន្ធយុត្តិធម៌ និងរាជរដ្ឋាភិបាល ។ គម្លាតទំនុកចិត្តរវាងរាស្ត្រនិងរដ្ឋនឹងកាន់តែធំ ដែលនាំឱ្យសង្គមកាន់តែបែកបាក់និងចុះខ្សោយ។ មានបងប្អូនខ្លះបានសរសេរដោយក្តីអស់សង្ឃឹម និងបាត់បង់ទំនុកចិត្តថា «សូមជួយតាមដានផង ក្រែងដប់ម្ភៃឆ្នាំទៀត យុវជនម្នាក់នេះក្លាយជាមន្ត្រីធំ មកគ្រប់គ្រងរាស្ត្រវិញ» ។ សំណេរនេះដ្បិតមើលទៅដូចជាការលេងសើច ប៉ុន្តែវាគឺជាសំណើចចម្អកដ៏ឈឺ ចាប់ចំពោះគោលការណ៍គុណាធិបតេយ្យ ដែលរាជរដ្ឋាភិបាល តែងតែលើកតម្កើងនិងទន្ទេញចាំមាត់៕
