ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល មិនដែលភ្លេចកាតព្វកិច្ច “ការពារបូរណភាពទឹកដី” ទេ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា មិនមែនតែរាជរដ្ឋាភិបាលទេ ដែលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា និងគ្រប់ទិសទី ក៏រឹតតែសកម្មខ្លាំងក្លា ក្នុងការធ្វើសកម្មភាពការពារបូរណភាពទឹកដី ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោកប៉ែន បូណាបានថ្លែងថា ពលរដ្ឋនៅតែឈឺឆ្អាល ចំពោះជនរួមជាតិដែលជាជនភៀសសឹក ដោយបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពមនុស្ស «ជួយគ្នាក្នុងគ្រាលំបាក»។ លោកថា នេះគឺជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ដើម្បីជំរុញឱ្យមានលទ្ធផលជាវិជ្ជមានក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន។

លោកបន្ថែមថា រាជរដ្ឋាភិបាលមានគោលជំហរច្បាស់លាស់ និងរឹងមាំឥតងាករេ នោះគឺជំហរដោះស្រាយបញ្ហា ដោយសន្តិវិធី តាមរយៈយន្តការការទូតសកម្ម និងបែបចាស់ទុំ ប្រកបដោយការអត់ធ្មត់ខ្ពស់ ដើម្បីបញ្ចៀសការប្រឈមមុខ ដាក់គ្នាដោយកម្លាំងយោធា ដែលអាចបង្កភាពតានតឹង។ ជំហរសន្តិភាពនិយមរបស់រាជរដ្ឋាភិបាលកម្ពុជាមិនមែនត្រឹមតែជាពាក្យសម្តីនិយាយប៉ុណ្ណោះទេ ប៉ុន្តែបានស្តែងឡើងតាមរយៈសកម្មភាពជាក់ស្តែងដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាបានធ្វើជារៀងរហូតមក៕

To Top