ព័ត៌មានជាតិ

មន្រ្តីជំនាញក្រសួងបរិស្ថាន បន្តចុះពិនិត្យបន្ថែម លើទីតាំងរោងចក្រ និងក្រុមហ៊ុននានា តាមបណ្តោយដងស្ទឹងព្រែកត្នោត បន្ទាប់ពីមានត្រីងាប់ច្រើន

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានសហការ ជាមួយរដ្ឋបាលខណ្ឌដង្កោ រដ្ឋបាលសង្កាត់ក្រាំងពង្រ និងអាជ្ញាធរភូមិទឹកថ្លា បានបន្តចុះត្រួតពិនិត្យតាមដាន រកប្រភពបំពុល ដែលបានបង្កឲ្យត្រីងាប់នៅស្ទឹងព្រែកត្នោត នាពេលកន្លងមក ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជារួមក្រុមការងារ បានពិនិត្យឃើញថា កម្រិតប៉ារ៉ាម៉ែត្រ pH រកឃើញ ស្ថិតនៅក្នុងចន្លោះដែលអាចទទួលយកបានពី 6.5–8.5 ដែលបង្ហាញពីលក្ខខណ្ឌសមស្រប សម្រាប់ជីវិតក្នុងទឹក និងការប្រើប្រាស់ទឹកទូទៅ។ ការបញ្ចេញសំណល់រាវ ពីរោងចក្រទាំង ៣ ខាងលើ ពុំមានចំណុចគួរឲ្យសង្ស័យ ដែលបានបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ នោះឡើយ។

ក្រៅពីការចុះត្រួតពិនិត្យក្នុងរោងចក្រខាងលើ ក្រុមការងារបាន ធ្វើការចុះពិនិត្យស្ថានភាពតាមដងស្ទឹងព្រែកត្នោត និងបានយកសំណាកទឹកពាក់ព័ន្ធនឹងការបំពុល មកវិភាគ និងបានធ្វើតេស្តគុណភាពទឹកបឋម។

យោងតាមការធ្វើតេស្តបឋម មន្រ្តីជំនាញបានធ្វើការវាយតម្លៃដំបូង នាពេលបច្ចុប្បន្ន ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅផ្នែកខ្សែទឹកខាងលើ (Upstream) នៃតំបន់ដែលសង្ស័យមានត្រីងាប់កាលពីពេលថ្មីៗកន្លងមកនេះ (ពីចំណុចស្ពានទឹកថ្លានៃផ្លូវជាតិកេខ៣ ដល់តំបន់សេដ្ឋកិច្ចភ្នំពេញ) មានលក្ខណៈធម្មតា ពុំឃើញមានបញ្ហាគួរឲ្យសង្ស័យឡើយ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តដាក់បទបញ្ជាដល់ក្រុមការងារ បន្តចុះត្រួតពិនិត្យតាមដាន និងស្វែងរកប្រភព ដែលអាចបង្កឱ្យមានករណី បណ្តាលឱ្យមានត្រីងាប់ ក្នុងស្ទឹងព្រែកត្នោតកាលពីពេលថ្មីៗ កន្លងមកនេះ ជាបន្តទៀត នាវេលាថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦។ ក្រុមការងារនឹងចាត់វិធានការត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលទឹកសាធារណៈនៅតំបន់ទំនប់ ៧ មករា (តំបន់កំពង់ទួល) ស្ថិតក្នុងសង្កាត់គងនយ និងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ជាបន្តទៀត៕

To Top