ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ប្រាប់ពលរដ្ឋរង់ចាំលទ្ធផលពីសមត្ថកិច្ច បន្ទាប់ពីជនបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ៦នាក់ បានចូលខ្លួនចំពោះមុខសមត្ថកិច្ច

ភ្នំពេញ ៖ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ប្រជាពលរដ្ឋរង់ចាំលទ្ធផលពីសមត្ថកិច្ច បន្ទាប់ពីជនបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ៦នាក់ បានចូលខ្លួនចំពោះមុខសមត្ថកិច្ច។

លោក ថា «នៅមុននេះ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស ៦នាក់ បានចូលខ្លួនចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយ។ ដូច្នេះ សូមពុកម៉ែ បងប្អូន ជ្រាបជាព័ត៌មាន និងរង់ចាំលទ្ធផលពីសមត្ថកិច្ច»។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទីលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែតលេខ២៤៦-២៤៧ ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក MERCEDESBENZ AMG GT53ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ផ្លាកលេខកម្ពុជា C.S.6168 បុកជាមួយ នឹងម៉ូតូចំនួន២គ្រឿងដែលម៉ូតូទី១ ម៉ាកហុងឌីម HONDADREAM ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង1H-2105 ជិះគ្នាចំនួន ៣នាក់ បណ្តាលឱ្យស្លាប់ចំនួន ២នាក់ និងរងរបួសធ្ងន់ចំនួន ១នាក់ប្រុស រីឯម៉ូតូទី២ ម៉ាកហុងដាឌ្រីម HONDA DREAM ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង 1S-1965 ជិះគ្នាចំនួន ៣នាក់បណ្តាលឱ្យស្លាប់ចំនួន ០៣នាក់ប្រុសចំនួន ២នាក់ស្រីចំនួន ១នាក់ ។

សរុបជនរងគ្រោះស្លាប់ចំនួន ៥នាក់ ប្រុសចំនួន ២នាក់ ស្រីចំនួន ៣នាក់ ដែលក្នុងនោះស្រីម្នាក់មានគភ៌ចំនួន ៣ខែផង (តាមប្រភពពីក្រុមគ្រួសារសព) និងរងរបួសធ្ងន់ចំនួន ១នាក់ប្រុស ជនរងគ្រោះទាំងអស់រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង ខណៈដែលជនរងគ្រោះជិះម៉ូតូវិលត្រឡប់មកពីមើលការប្រគុំតន្ត្រីមួយកន្លែងស្ថិតនៅទីរួមស្រុកមោងឫស្សី នារាត្រីនោះ៕

To Top