ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចុះសួរសុខទុក្ខកងទ័ពកំពុងឈរជើង ប្រចាំការបំពេញភារកិច្ច នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុត លើសុខទុក្ខរបស់កងទ័ព នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលខិតជិតមកដល់នាពេលខាងមុខនេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនកងទ័ព ដែលកំពុងឈរជើងប្រចាំការបំពេញ ភារកិច្ចនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ការចុះផ្ទាល់ដល់ទីតាំងឈរ ជើងនេះ គឺជាការបង្ហាញនូវមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ និងជាការគិតគូយ៉ាងដិត ដល់ចំពោះជីវភាពរស់នៅ និងការហូបចុករបស់កូនចៅក្រោមឱវាទ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានសម្តែងការកោតសរសើរ ចំពោះការលះបង់ទាំងកម្លាំងកាយចិត្តរបស់បងប្អូនកងទ័ពយើង ជាងនោះទៅទៀតក៏បានលើកទឹកចិត្ត ឲ្យយុទ្ធជនយើងគ្រប់រូបកាន់តែមានស្មារតីរឹងមាំ ហានក្លា ក្នុងកិច្ចការពារសុខសន្តិភាពជូនជាតិមាតុភូមិ ទោះបីត្រូវឃ្លាតឆ្ងាយពីគ្រួសារក្នុងឱកាសបុណ្យទានក៏ដោយ។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថវិកាលើកទឹកចិត្ត និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ចែកជូនដល់បងប្អូនកងទ័ពដោយផ្ទាល់ដៃ។

កាយវិការដ៏សប្បុរស និងពោរពេញដោយព្រហ្មវិហារធម៌របស់ ឧត្តមសេនីយ៍ទោ មេបញ្ជាការ គឺជាបង្អែកដ៏កក់ក្តៅបំផុតសម្រាប់កងទ័ពទាំងអស់ ក្នុងការបន្តបេសកកម្មបម្រើជាតិ និងប្រជាជនដោយស្មោះត្រង់បំផុត៕

To Top