លោកបណ្ឌិត ឡី សុភាព៖ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវពង្រឹងអំណាច៥ ដើម្បីរួមចំណែកលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា ដើម្បីរួមចំណែកឱ្យខឿនសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិនិយោគិនគ្រប់រូប គប្បីពង្រឹងអំណាច៥ សម្រាប់អភិវឌ្ឍខ្លួនឱ្យកាន់តែមានជំនាញ និងវិជ្ជាជីវៈពិតប្រាកដ ។
ការលើកឡើងរបស់លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមនសហព័ន្ធវិនិយោគិនកម្ពុជា, ប្រធានសមាគមសហព័ន្ធយុវជន សេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា ធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា វិនិយោគិន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការ-សមាគម វិស័យឯកជនចំណុះរចនាសម្ព័ន្ធ និងអនុលោមភាពផលិតផល កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅភោជីយដ្ឋាន The Grand Terrace ទួលគោក រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោកបណ្ឌិត ឡី សុភាព បានណែនាំ ក៏ដូចជាពន្យល់ទៅកាន់សមាជិក សមាជិកា នៃអង្គពិធីថា ដើម្បីឱ្យខឿនសេដ្ឋកិច្ចរឹងមាំបាន ប្រៀបបានរាងកាយដែលទាមទាឱ្យកោសិការឹងមាំ ខណៈកោសិកាទាំងនោះ ប្រៀបបានទៅនឹងសមាជិក សមាជិកាទាំងអស់ ដែលអញ្ជើញចូលរួមនាឱកាសនេះដែរ។ ក្នុងន័យនេះ លោកបណ្ឌិត ចាត់ទុកការជួបជុំនាឱកាសនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផងដែរ។
លោកបណ្ឌិត ឡី សុភាព បានគូសបញ្ជាក់ថា ដើម្បីឱ្យខៀនសេដ្ឋកិច្ចរឹងមាំទៅបាន លុះត្រាណា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិនិយោគិនទាំងអស់ ត្រូវខិតខំពង្រឹងអំណាចរបស់ខ្លួនទាំង៥ រួមមាន៖ ១.អំណាចវិជ្ជាជីវៈ, ២.ពង្រឹងអំណាចផ្ទាល់ខ្លួន, ៣.ពង្រឹងអំណាចរដ្ឋបាល, ៤. ពង្រឹងអំណាចប្រមូលផ្តុំ និងទី៥.អំណាចនយោបាយ និងសេដ្ឋកិច្ច ។
លោកបានបន្ថែមថា ដើម្បីឱ្យអាជីវកម្ម មីក្រូ សហគ្រាស របស់ខ្លួនដំណើរការទៅរលូន និងមានប្រសិទ្ធភាព ថ្នាក់ដឹកនាំ ត្រូវយល់ច្បាប់ទម្លាប់ឱ្យបានច្បាស់លាស់ ។ ក្នុងន័យនេះ លោកចង់ឱ្យថ្នាក់ដឹកនាំនីមួយៗ ត្រូវពង្រឹងចំណេះជំនាញ និងវិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀត ។
លោកបណ្ឌិត ឡី សុភាព មានប្រសាសន៍ថា “ត្រូវលុបបំបាត់ចោល នូវពាក្យថា «មិនចេះក៏អាចក្លាយជាអ្នកមានបានដែរ» គឺជាសារនយោបាយបំផ្លាញជាតិតែម្តង មនោគមន៍វិជ្ជាបែបនេះ ធ្វើឱ្យយុវជនលែងចង់រៀនចង់សូត្រ ដូច្នេះត្រូវប្តូរមក ឱ្យរៀនចេះដឹងច្រើន ដើម្បីឱ្យប្រទេសជាតិរឹងមាំអស្ចារ្យវិញ ស្របតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា អាយុជីវិតជាតិ អាស្រ័យទៅលើវិជ្ជាជីវៈយុវជនម្នាក់ៗ” ។
តាមរយៈការលើកឡើងខាងលើនេះ លោកបណ្ឌិត ឡី សុភាព ចង់ឱ្យសមាជិក សមាជិកាទាំងអស់ យល់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ស្ថាប័នដែលពាក់ព័ន្ធ អ្នកសេដ្ឋកិច្ច និងអ្នកប្រើប្រាស់ត្រូវតែទៅព្រមគ្នា មិនអាចបាត់ផ្នែកណាមួយបានទេ ។ ប្រៀបដូចរថយន្តមួយគ្រឿង អាចទៅមុខបាន លុះត្រាតែគ្រប់ផ្នែកទាំងអស់នៃរថយន្តដំណើរការទាំងអស់ដូគ្នាដែរ៕













