ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ កម្ពុជាកំពុងធ្វើការងារ យ៉ាងសកម្ម លើកកម្ពស់ក្របខណ្ឌ សុខភាពតែមួយ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា កម្ពុជាកំពុងធ្វើការងារយ៉ាងសកម្ម ក្នុងការលើកកម្ពស់ក្រប ខណ្ឌសុខភាពតែមួយ ដើម្បីពង្រឹងសមត្ថភាព សម្រាប់បង្ការ ការស្រាវជ្រាវ និងការឆ្លើយតបទៅនឹង ការគំរាមកំហែងដល់សុខភាព។

ក្នុងឱកាសអញ្ជើញជាសហអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ព្រឹត្តិការណ៍សុខភាព តែមួយនៅព្រះរាជាណាចក្រកម្ពុជានេះ គឺជាព្រឹត្តិការណ៍ អមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នៅទីក្រុងលីយ៉ុង នៃសាធារណរដ្ឋបារាំង ដែលនឹងត្រូវរៀបចំពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ខែមេសា ២០២៦ ក្នុងពេលខាងមុខនេះ ។

លោកបន្តថា កម្ពុជាកំពុង ធ្វើការងារយ៉ាងសកម្ម ក្នុងការលើកកម្ពស់ក្របខណ្ឌសុខភាពតែមួយ ដើម្បីពង្រឹងសមត្ថភាព សម្រាប់បង្ការ ការស្រាវជ្រាវ និងការឆ្លើយតបទៅនឹងការគំរាមកំហែងដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ការ ការការពារ ការរីករាលដាល ជំងឺរាតត្បាតជាសកលក្នុងតំបន់ និងក្នុងពិភពលោកផងដែរ ។

រដ្ឋមន្រ្តីបន្ថែមថា ក្រសួងសុខាភិបាល បានសហការយ៉ាង ជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ ដើម្បីជំរុញសកម្មភាពរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ដោយបានបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីទប់ស្កាត់នឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ជាពិសេសក្នុងផ្នែកពាក់ព័ន្ធ សុខភាពមនុស្ស និងសុខភាពសត្វ រួមមាន ៖ ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពាក់ព័ន្ធជាមួយប្រសិទ្ធភាព ការត្រួតពិនិត្យ ការគ្រប់គ្រងការប្រើប្រាស់ ឱសថប្រឆាំងមេរោគនៅ ក្នុងវិស័យសុខាភិបាល និង វិស័យកសិកម្ម និងលើកកម្ពស់ការប្រើប្រាស់ ឱសថប្រឆាំងមេរោគ ដោយមានការទទួលខុសត្រូវ ក្នុងការទប់ស្កាត់ហានិភ័យនានា ៕

To Top