មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៖ បទល្មើសកើតមាន នៅរាជធានីភ្នំពេញ ប្រមាណ៩៦% ត្រូវបានកម្លាំងមាន សមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនជនបង្ក មកដាក់ទោសតាមច្បាប់
ភ្នំពេញ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា រាល់បទល្មើសដែលបានកើតឡើង នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានបទល្មើសប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន មកដាក់ទោសទៅតាមច្បាប់ ខណៈសមិទ្ធផលទាំងនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងជួយពីកាំម៉េរ៉ាសុវត្ថិភាព។

ការលើកឡើងរបស់លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការ បូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៥ ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ប៊ុន ហុន បានកោតសរសើរ ដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលរាល់បទល្មើសផ្សេងៗបានកើតឡើង នៅរាជធានីភ្នំពេញ ជនបង្កបទល្មើស កម្រនឹងគេចខ្លួនបានជោគជ័យណាស់ មានន័យថា រាល់បទល្មើសដែលកើតមានឡើង គឺមានប្រមាណ៩៦% ត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន មកដាក់ទោសទៅតាមច្បាប់។ ការឈានដល់ការបង្ក្រាបបទល្មើសបានលឿន ស្ទើ១០០%នៃបទល្មើស បានមកពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរនិងកងកម្លាំង ក៏ដូចជាបានជួយពីកាំម៉េរ៉ាសុវត្ថិភាពផង។

លោក ប៊ុន ហុន គូសបញ្ជាក់ថា រាជធានីភ្នំពេញ មានពលរដ្ឋចេញ ចូល ស្នាក់នៅច្រើន មានភាពស្មុកស្មាញច្រើន ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច របស់រាជធានីភ្នំពេញ នៅតែរក្សានិងគ្រប់គ្រងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ ជាទីក្រុងដែលមានសុវត្ថិភាពបំផុត។ រាជធានីភ្នំពេញ ជាក្រុងដែលមានសុវត្ថិភាពល្អជាងគេ បើប្រៀបធៀបជាមួយទីក្រុងគេផ្សេងៗ នៃបណ្តាប្រទេសនៅលើពិភពលោក។

ជាមួយគ្នានេះដែរលោក ឃួង ស្រេង បានលើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពយ៉ាងសកម្ម ទាំងការបង្ការទប់ស្កាត់បង្ល្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស បង្ក្រាបក្មេងទំនើងជាដើម ពិសេសគឺការបោសសំអាត បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ជាក់ស្តែងក្នុងឆ្នាំ២០២៥កន្លងមកនេះ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីបង្ល្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន៤៦៣ករណី/៤៧៣ ថយចុះជាង១០ករណី បង្ក្រាបបទល្មើសបាន៤៤៨ករណី ស្មើនិង៩៦% ឃាត់ខ្លួនមនុស្សបានចំនួន៦១៧នាក់ ។

បន្ថែមលើនេះ លោក ឃួង ស្រេង បានឱ្យដឹងថា ចំពោះការបោសសំអាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចាប់ពីថ្ងៃទី១កក្កដា២០២៥ ដល់ថ្ងៃទី២៩មីនា២០២៦នេះ គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារាជធានី បានចុះពិនិត្យរដ្ឋបាល បានចំនួន១២៤៣២ទីតាំង រកឃើញជនបរទេសស្នាក់នៅ ចំនួន៩២៩៥០នាក់ ស្រី២៧១៣៤នាក់ ស្មើនិង៧៥សញ្ជាតិ ជាមួយនិងការបោសសំអាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន១២១ករណី ឃាត់ខ្លួនមនុស្ស បានចំនួន២២៨៤នាក់ ស្រី៤៩០នាក់ស្មើនិង១៨សញ្ជាតិ៕


