ព័ត៌មានជាតិ

អាជ្ញាធរមីន ថ្លែងអំណរគុណឥណ្ឌាបន្តគាំទ្រ «កម្ពុជាមួយគ្មានផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»

កោះកុង ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណឥណ្ឌាបន្តគាំទ្រចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត «កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម» និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព។

ការថ្លែងអំណរគុណរបស់ លោកបណ្ឌិត លី ធុជ នាឱកាសអញ្ជើញអបអរសាទរការប្រកាសឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាឃុំអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក៏មានការអញ្ជើញរួមពី លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងរដ្ឋបាលខេត្តកោះកុង។

លោកទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការប្រកាសឃុំត្រពាំងរូងអស់មីន គឺជាសមិទ្ធផលដ៏មានសារៈសំខាន់ សម្រាប់សហគមន៍ និងសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលសមិទ្ធផលនេះ មិនត្រឹមតែជាកិច្ចការបច្ចេកទេស នៃការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញ នូវជោគជ័យនៃការស្តារឡើងវិញនូវសុវត្ថិភាព សន្តិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោយសង្គ្រាមនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

តាងនាមឱ្យ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនខេត្តកោះកុង លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ចំពោះសមិទ្ធផលសកម្មភាពមីន ក្នុងខេត្តកោះកុង ក៏ដូចជាប្តេជ្ញាបន្តគាំទ្រនូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត «កម្ពុជាមួយគ្មានផល ប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម» និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព ហើយសេចក្តីថ្លៃថ្នូររបស់មនុស្សក៏ត្រូវបានស្តារឡើងវិញផងដែរ។ ប្រទេសឥណ្ឌា គឺជាមិត្តល្អរបស់កម្ពុជាគ្រប់កាលៈទេសៈ។

ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្រ្តី ក៏សម្តែងនូវអំណរគុណ ជូនដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រតិបត្តិករបោសសម្អាតមីន អង្គការសង្គមស៊ីវិល សប្បុរជន និង ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការសកម្មភាពមីន មនុស្សធម៌នេះ។

ជាមួយគ្នានេះ លោកបណ្ឌិត បានគូសបញ្ជាក់ទៀតថា សមិទ្ធផលនៃការបោសសម្អាតមីន មិនអាចកើតមានឡើងបានឡើយបើគ្មាន សន្តិភាពពេញលេញ ដែលកម្ពុជាទទួលបានតាមរយៈ គោលនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញ លេញជូនប្រទេសកម្ពុជា។ សន្តិភាពនេះ បានបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់ការអនុវត្តការងារ បោសសម្អាតមីន និងការស្តារឡើងវិញ នូវការអភិវឌ្ឍន៍នៅតាមតំបន់ ដែលធ្លាប់រងផលប៉ះពាល់ពីសង្គ្រាម៕

To Top