ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន «កុំមានការស្ទាក់ស្ទើរ» ក្នុងការលើកឡើងកង្វល់នានា ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ «កុំមានការស្ទាក់ស្ទើរ» ក្នុងការលើកឡើងរាល់បញ្ហាប្រឈម ឧបសគ្គ ឬកង្វល់នានា កំពុងជួបប្រទះក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។

វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងបើកទំព័រថ្មីនៃកិច្ចសន្ទនាដោយត្រង់ទៅត្រង់មក និងស៊ីជម្រៅ ដើម្បីជំរុញបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ និងប្រកបដោយបរិយាបន្ន។

ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី១ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន រៀបចំស្វាគមន៍ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាដៃគូអភិវឌ្ឍន៍ដ៏ពិតប្រាកដ ដូច្នេះការជជែកពិភាក្សាដោយស្មោះត្រង់ គឺជាគន្លឹះតែមួយគត់ក្នុងការស្វែងរកដំណោះស្រាយរួមប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងជំនឿទុកចិត្ត និងធានានូវភាពជោគជ័យនៃគម្រោងវិនិយោគទាំងឡាយ។

ជាមួយគ្នានេះ តំណាងអង្គទូត និងសភាពាណិជ្ជកម្មនានា បានសម្តែងនូវការអបអរសាទរ និងការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ធុរកិច្ចជនបរទេស។

តាមរយៈវត្តមានដ៏កុះករនៃតំណាងអង្គទូត និងសហគមន៍ធុរកិច្ចអន្តរជាតិរបស់តំណាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលលោក ក្នុងកម្មវិធីតែមួយនេះ បានបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តយ៉ាងរឹងមាំមកលើស្ថិរភាពនយោបាយ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាល និងបានឆ្លុះឱ្យឃើញអំពី «សហថាមពល» រវាងរដ្ឋ និងឯកជន ក្នុងការរួមគ្នាកសាងប្រព័ន្ធ អេកូឡូស៊ីសេដ្ឋកិច្ចមួយដែលរឹងមាំ និងមានតម្លាភាព។

ជំនួបអាហារពេលព្រឹកធុរកិច្ច លើកទី១ នេះ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងបរិយាកាសការទូតដ៏ស្និទ្ធស្នាលបំផុត ដែលជាសញ្ញាណវិជ្ជមានថ្មី មួយទៀត ក្នុងការប្តេជ្ញាចិត្តសម្រេចឱ្យបាន នូវចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរុងរឿង និងមានភាពធន់ក្នុងតំបន់ និងសកលលោក៕

To Top