ព័ត៌មានជាតិ

ក្រសួង៣ ហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត នូវមាតិកា ដែលប៉ះពាល់វប្បធម៌ និងតម្លៃស្ត្រីខ្មែរ

ភ្នំពេញ ៖ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។

ការហាមឃាត់នេះ បន្ទាប់ពីក្រសួងទាំង៣ បានពិនិត្យឃើញថា កន្លងមក ក្រសួងព័ត៌មាន ធ្លាប់បានផ្តល់នូវសេចក្តីណែនាំ ដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម ដោយផ្តោតការផលិត និងការចែកចាយប្រកបដោយការទទួលខុសត្រូវ ដើម្បីរក្សាបាននូវសណ្តាប់ ធ្នាប់សង្គម។ ប៉ុន្តែបច្ចុប្បន្ននេះ មានអ្នកផលិតមាតិកាមួយចំនួនបានបំពានសេចក្តីណែនាំ ក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ឬខ្វះការពិចារណាក្នុងការថែរក្សាវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិខ្មែរ និងជា ពិសេសការលើកតម្កើងសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ស្ត្រី ដោយបានផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត នូវមាតិកាដែលប្រើប្រាស់ពាក្យសម្តីអសុរោះ អសីលធម៌ និងប្រើប្រាស់រូបរាងកាយស្ត្រីបង្ហាញរូបភាព អនាចារ និងស្រើបស្រាល ដើម្បីតែស្វែងរកការចាប់អារម្មណ៍និងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រើឱ្យ ការលក់ផលិតផលរបស់ខ្លួន ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងសីលធម៌សង្គម ជាតិខ្មែរ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងទាំង៣ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ថា ការផលិត ចែកចាយ និងផ្សព្វផ្សាយបន្តនូវមាតិកាទាំងនេះ បណ្តាលឱ្យជះឥទ្ធិពលអវិជ្ជមានដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃដ៏ផូរផង់នៃវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរបានខិតខំថែរក្សា និងលើកតម្កើងតាំងពីយូរលង់ណាស់មកហើយ។

ការចម្លងគម្រូវប្បធម៌បរទេសតាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ត្រូវចៀសវាងជាដាច់ខាត ព្រោះនេះជាការទម្លាក់នូវគុណតម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងជា ការប្រាសចាកប្រពៃណី និងវប្បធម៌កម្ពុជា ដែលអាចនាំដល់ការធ្លាក់ចុះនៃសីលធម៌ នឹងការយល់ដឹងអំពី អត្តសញ្ញាណជាតិខ្មែរ ក្នុងចំណោមយុវជននិងយុវតីជំនាន់ក្រោយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញ ទំនាក់ទំនងសង្គម។

ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ ជាពិសេស ថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃស្ត្រី ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និង ប្រព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានណែនាំដល់ អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានប្រជាជន និងប្រព័ន្ធផ្សព្វផ្សាយ គ្រប់ប្រភេទទាំងអស់ បញ្ឈប់រាល់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តគ្រប់រូបភាព សារជាអក្សរ/សំឡេង វីដេអូ ឬ មាតិកាទាំងឡាយណាដែលប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ និងបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល៕

To Top