CMAC ដោះបន្សាបគ្រាប់បែក ទម្ងន់ជាង២៣០គីឡូក្រាម ដែលទ័ពអាកាសសៀម បានទម្លាក់លើ មាតុភូមិកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងជំនាញអង្គភាពCMAC បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទ ម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ប្រមាណជាង២៣០គីឡូក្រាម ប្រកបដោយជោគជ័យ និងសុវត្ថិភាព។

បើយោងតាមគណនីហ្វេសប៊ុក របស់លោក ហេង រតនា បានឱ្យដឹងថា គ្រាប់បែកMK-82 នេះបានកប់ក្នុងដីជម្រៅជាង១៣ម៉ែត្រ! គ្រាប់បែកទម្លាក់ពីយន្តហោះMK-82 ផលិតនៅឆ្នាំ២០១០ ដោយក្រុមហ៊ុន GDG (General Dynamics Ordnance and Tactical Systems) និងបានកែសម្រួលបំពាក់បន្ថែមសម្ភារបច្ចេកទេស របស់ក្រុមហ៊ុនកូរ៉េខាងត្បូង HWG(Hanwha Corporation)និងបានទម្លាក់លើ មាតុភូមិកម្ពុជា ដោយទ័ពអាកាសសៀមឈ្លានពាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៤រសៀល។

លោក ហេង រតនា បានស្ដែងការកោតសរសើរ ដោយស្មោះចំពោះកម្លាំងជំនាញអង្គភាពCMACជួរមុខទាំងអស់ ដែលបានចូលរួម លះបង់ និងធ្វើពលីកម្មក្នុងបុព្វហេតុធានាសុខសុវត្ថិភាព ប្រជាពលរដ្ឋនិងគាំទ្រការស្តារអភិវឌ្ឍន៍ឡើងវិញ ក្រោយមានបទឈប់បាញ់ ស្របតាមស្មារតីដឹកនាំ ដ៍ត្រឹមត្រូវរបស់ សម្តេចមហាបវរធបតី នាយករដ្ឋមន្ត្រី។

សូមរំលឹកនិងចងចាំថា ព្រះរាជាណាចក្រដ៍កំសត់នេះ ធ្លាប់បានឆ្លងកាត់សង្គ្រាមពីមុន នៃការទម្លាក់គ្រាប់បែកពីយន្តហោះជាង១០ឆ្នាំ ពោលពី១០ មករា ឆ្នាំ១៩៦២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ មានបរិមាណគ្រាប់បែកប្រភេទMនិងMK សរុបចំនួនប្រមាណជាង១លាន២សែនគ្រាប់ (១.២០០.០០០គ្រាប់)។




