ព័ត៌មានជាតិ

សម្តេចធិបតី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃ មកកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃ ចូលមកកម្ពុជា ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវចាត់វិធានការច្បាប់ ឲ្យបានតឹងរឹងបំផុត ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត ថា «ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ»។

សម្ដេច បន្ដថា «ខ្ញុំបានចេញបទបញ្ជាឲ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់ ។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវ ឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត» ។

សម្ដេច បន្ថែមថា ប្រសិនជាមានពាក់ព័ន្ធជា មួយក្រុមហ៊ុនប្រេង ណាមួយ ត្រូវដកអាជ្ញាប័ណ្ណ ។ ប្រសិនជាមាន ពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។

សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេង ពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ។

To Top