ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រាប់ពលរដ្ឋរក្សាសុខភាពឱ្យល្អ ពេលអាកាសធាតុកំពុងក្តៅខ្លាំង

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋថែការរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុកំពុងឡើងកម្តៅខ្លាំង ។
យោងតាមសេចក្តីណែនាំ បានឱ្យដឹងថា ក្នុងអំឡុងពេលនេះ កំពុងមានការឡើងកម្ដៅក្នុងចន្លោះពី៣៧អង្សាសេ ទៅ៤១អង្សាសេ បណ្តាលមកពីការ ប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានការកើតមានរលកកម្ដៅមិនទៀងទាត់ ។ អាកាសធាតុក្តៅខ្លាំងអាចបង្ក ឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក និងអ្នកមានជំងឺរ៉ាំរ៉ៃងាយធ្លាក់ខ្លួនឈឺជាយថាហេតុ រួមមាន ៖ បញ្ហានៅខួរក្បាល ការខ្សោះជាតិទឹក ជំងឺសរសៃឈាមបេះដូង ជំងឺតម្រងនោម ជំងឺថប់អារម្មណ៍ រមួលក្រពើ រលាកផ្លូវដង្ហើម និង នាំឱ្យមានជំងឺឆ្លងផ្សេងៗ បណ្តាលមកពីការប្រើ ប្រាស់ទឹកមិនស្អាត និងចំណីអាហារពុំមានសុវត្ថិភាព ។

សេចក្តីប្រកាសបន្តថា ដើម្បីថែទាំសុខភាព និងបង្ការជំងឺ ពលរដ្ឋត្រូវពិសាទឹកស្អាត ឬទឹកដោយប្រើធុងចម្លោះ ឬទឹកដាំឱ្យពុះ ឬទឹកដែលបន្សុទ្ធដោយថ្នាំក្លរីន ឬក្លរ៉ាមីន ។ ពិសាទឹកឱ្យបានញឹកញាប់លើសពី២លីត្រ ក្នុងមួយថ្ងៃ ចំពោះមនុស្សពេញវ័យ។ ចៀសវាងស្ថិតក្រោមកម្ដៅថ្ងៃដោយផ្ទាល់យូរពេក ។ សម្លៀកបំពាក់ពណ៌ស្រាល រលុង និងស្លៀកសម្លៀក បំពាក់ដែលអាចជួយការពារកម្ដៅព្រះអាទិត្យ ។ កុំងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់ពីកន្លែង ដែលមានកម្ដៅខ្លាំង ។ ចៀសវាងការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករច្រើន ។

ក្រសួងបញ្ជក់ថា ប្រសិនបើមានរោគសញ្ញា ដូចជា ៖ វិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមូលសាច់ដុំ ត្រូវគិតថាជា សញ្ញាដំបូងនៃផលប៉ះពាល់ដោយសារកម្ដៅ ។ ក្នុងករណីនេះ ត្រូវផ្លាស់ប្តូរ ទៅរកទីកន្លែងត្រជាក់ និងត្រូវសម្រាក ២ទៅ៣នាទី រួចពិសាទឹកត្រជាក់យឺតៗ ហើយកុំបន្តសកម្មភាព ព្រោះអាចមានហានិភ័យ ដល់សុខភាព ៕

To Top