ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា រំលឹកឱ្យយកចិត្តទុកដាក់ បម្រើសេវាសុខាភិបាល ជូនពលរដ្ឋថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានរំលឹកឱ្យបុគ្គលិកសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ នៅគ្រប់កម្រិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ ប្រចាំខែមេសា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាលបានលើកឡើងថា ដើម្បីបន្តពង្រឹងប្រសិទ្ធភាព គុណភាពការងារសម្រាប់អង្គភាព និងមូលដ្ឋានសុខាភិបាលទាំងអស់ ឱ្យកាន់តែល្អប្រសើរ ត្រូវពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត លើប្រព័ន្ធបញ្ជូន ដើម្បីធានាការអនុវត្តការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ។
លោកបន្តថា ថ្នាក់ដឹកនាំ មន្រ្តីរាជការ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តការងារ ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ ។ បន្តពង្រឹងការយកចិត្តទុកដាក់លើសេវាសុខាភិបាល និងបង្កើនការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

អ្វីកាន់តែពិសេសថែមទៀតនោះ រដ្ឋមន្រ្តី បានស្នើឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តពង្រឹងការទប់ស្កាត់ជំងឺឆ្លង នៅតាមច្រកព្រំដែននានា ។
បន្ថែមពីលើនេះទៀត សាស្ត្រាចារ្យ ឈាង រ៉ា បានស្នើឱ្យបន្តពង្រឹងការគ្រប់គ្រង ស្តុកសម្ភារបរិក្ខារពេទ្យ និងឱសថសារវន្តឱ្យបានហ្មត់ចត់ ដឹងពីចរន្តនៃការប្រើប្រាស់សុពលភាព និងបែងចែកទៅតាមមូលដ្ឋាន សុខាភិបាលឱ្យសមស្រប ។

ជាមួយគ្នានោះ រដ្ឋមន្រ្តី បានផ្តាំផ្ញើថា អង្គភាពសុខាភិបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការងារចាក់វ៉ាក់សាំង មហារីកមាត់ស្បូន (HPV) ដល់ក្រុមកុមារីអាយុ៩ឆ្នាំ និងគោលដៅអាយុបន្ត ៕

To Top