លោក ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសម្តេចធិបតី ជូនដល់កងទ័ពជួរមុខ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ
បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់កងទ័ពជួរមុខដែលបាននិងកំពុងឈរជើងបំពេញភាកិច្ចការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានចងជាសម្ព័ន្ធមេត្រីជាមួយក្រសួងអភិវឌ្ឍន៍ជនបទ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិពេលខាងមុខនេះ។

ជាកិច្ចចាប់ផ្ដើម ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើជើងលេខ៥២ បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានរំលេចជូនថា នៅគ្រប់រដូវកាលនៃថ្ងៃបុណ្យប្រពៃណីជាតិ មុនថ្ងៃបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ តែងតែចុះមកសួរសុខទុក្ខដល់អង្គភាព ហើយកន្លងមកក្រសួងបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលជាច្រើនជូនអង្គភាពមានដូចជា សំណង់អាគារស្នាក់នៅរបស់កងទ័ព អាគារប្រចាំការ ទំនប់បង្ហៀរទឹក អាងស្តុកទឹក សូឡា ម៉ូទ័របូមទឹក សម្ភារសំណង់ ថវិកា និងគ្រឿងឧបភោគបរិភោគផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម បានជម្រាបជូនអំពីតួនាទី ភារកិច្ច និងការប្ដេជ្ញាចិត្តរបស់កងទ័ពក្នុងការការពារសុខសន្ដិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីជូន ជាតិ សាសនា និងព្រះមហាក្សត្រ។

បន្ទាប់ពីស្ដាប់របាយការណ៍ស្វាគមន៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ពជួរមុខ ក្នុងបុព្វហេតុរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីឱ្យគង់វង្ស ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វីរកងទ័ពគ្រប់លំដាប់នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិពេលខាងមុខនេះផងដែរ។

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍សំណេះសំណាល ដោយបានគូសបញ្ជាក់នូវចំណុចខ្លាំងដែលនាំឱ្យកម្ពុជា មានភាពជោគជ័យ និងមានប្រៀបឈ្នះកងទ័ពបរទេសឈ្លានពាន (
១).កម្ពុជាមានថ្នាក់ដឹកនាំល្អនិងឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ ជាពិសេសមានសម្តេចតេជោ និងសម្តេចបវរធិបតី ដែលមានបទពិសោធន៍ផ្នែកយុទ្ធសាស្រ្ត សមរភូមិការទូត និងសមរភូមិប្រដាប់អាវុធ ព្រមទាំងមានភាពចាស់ទុំខាងនយោបាយ
(២).វីរកងទ័ពជាតិកម្ពុជាមានចិត្តស្មោះត្រង់ អង់អាចក្លាហាន គោរពវិន័យ និងមានបទពិសោធន៍ប្រយុទ្ធក្នុងសមរភូមិ ព្រមទាំងប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារជាតិ
(៣).ប្រជាជនកម្ពុជានៅសមរភូមិក្រោយទាំងអស់ មានសម្លេងតែមួយ រួមគ្នាជាមហាសាមគ្គីជាតិដ៏រឹងមាំ ដែលជាខ្នងបង្អែកគាំទ្រដល់សមរភូមិមុខ ដូចមានកម្មវិធីថ្ងៃនេះ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមទៀតថា ទំនាក់ទំនងរវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺជាទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បាន និងត្រូវបន្តជំរុញដើម្បីលើកទឹកចិត្ត ដល់កងទ័ពជួរមុខ ក្នុងការការពារទឹកដីឱ្យគង់វង្ស ព្រោះ“កម្ពុជាមិនអនុញ្ញាត ឱ្យប្រទេសណាឈ្លានពានយកដីកម្ពុជា សូម្បីមួយមីលីម៉ែត្រឡើយ”។
ជាចុងក្រោយ លោករដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់កងពលតូចថ្មើរជើងលេខ៥២ រួមមាន៖ អង្ករ ៣តោន, មី ១០០កេស, ស្កសរ ២០០គ.ក្រ, ទឹកត្រី ៥០យួរ, ទឹកស៊ីអ៊ីវ ៥០យួរ, ប្រេងឆា ១៥០លីត្រ, ទឹកសុទ្ធ ៥០កេស, នំអន្សម ៥០០នំ និងធុងចម្រោះទឹក ៥ធុង ព្រមទាំងថវិកា ៣៥លានរៀល សម្រាប់ទិញសម្ភារតាមសំណូមពររបស់កងពលតូចលេខ ៥២ ត្រូវការចំាបាច់មានដូចជា៖ ស៊ីម៉ង់ត៍ ២០តោន, ដែក ៥ តោន, ខ្សាច់ ៥០គូប, ថ្ម ៥០គូប, អាគុយ១០០អំពែ ៥ធុង, ផ្ទាំងសូឡា ៥ផ្ទាំង និងស៊ីទែនទឹក ២០០០លីត្រ ៥ស៊ីទែន ស្មើនឹងថវិកាសរុប ៥០លានរៀល៕



