អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល ចាត់ទុកនយោបាយការទូត ជាអាទិភាពចម្បងបំផុត
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នយោបាយការទូតសកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ ទាំងក្នុងនិងក្រៅប្រទេស ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងធំបំផុត ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា ក្របខ័ណ្ឌនយោបាយការទូត ក្រៅប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ និងទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង ។
ចំណែក ក្របខ័ណ្ឌនយោបាយការទូត ក្នុងប្រទេសវិញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងឱកាសអនុញ្ញាត ឱ្យឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបនិងប្រគល់សារតាំង នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សម្ដេចតេជោក៏បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការថែរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង ហើយកម្ពុជានៅតែប្រកាន់ជំហរ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងក្របខ័ណ្ឌយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យគូសបញ្ជាក់ថា “សកម្មភាពទាំងនេះ ស្តែងឱ្យឃើញពីការងារការទូតយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី ចាត់ទុកជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល” ។
លោកថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏មិនភ្លេចការបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត ក៏ដូចជាវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះឡើយ៕
