ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ជំរុញសកម្មភាព ដើម្បីភាពស្អាតលើកោះស្រឡៅ

កោះកុង ៖ យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» និងយុទ្ធនាការពង្រឹងការអនុវត្តគោលការណ៍ណែនាំស្តីពី អារាមមេត្រីបរិស្ថាន និងសាលាមេត្រីបរិស្ថានបានរឪបចំឡើងនៅកោះស្រឡៅ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នាថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២៦។

ពិធីនេះមានរៀបចំឡើងដោយអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធ យុវជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ ដើម្បីទទួលបានចំណេះដឹងស្តីពីភាពស្អាត បៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ការជំរុញសកម្មភាពសម្អាតភូមិដ្ឋានជាប្រចាំ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការផ្តល់សម្ភារអនាម័យ ស្បោងបរិស្ថាន និងធុងទឹកស្អាតចំណុះ ៥០០០ លីត ជូនសាលារៀនចំនួន ២ និងវត្តអារាម ចំនួន១ ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ គឺជាយន្តការនៃការលើកកម្ពស់ការយល់ដឹង សាធារណៈ និងការលើកទឹកចិត្ត សំដៅជំរុញឱ្យមានការប្តេជ្ញាចិត្ត ការកែប្រែទម្លាប់ និង ចូលរួម សកម្មភាព ប្រតិបត្តិមេត្រីបរិស្ថាន និងដើម្បីជំរុញសកម្មភាពរួមគ្នា ដើម្បីផ្ទះយើងស្អាត កោះស្រឡៅស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក នៅតាមទីសាធារណៈ និងធ្លាក់ចូលក្នុងសមុទ្រ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានធ្វើ ការអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ដល់ប្រជាពលរដ្ឋ ជាពិសេស ប្រគេនព្រះសង្ឃ ជូនគណៈកម្មការអាចារ្យវត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស តាមរយៈគោលការណ៍ ណែនាំស្តីពី «សាលាមេត្រីបរិស្ថាន» និង «អារាមមេត្រីបរិស្ថាន» សំដៅបង្កើនការយល់ដឹង និងលើកទឹកចិត្ត ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងចូលរួម ប្រតិបត្តិមេត្រី បរិស្ថាន។ ក្រសួងបរិស្ថាន ប្រកាសធ្វើការអភិវឌ្ឍកោះស្រឡៅ ជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោងរៀបចំអភិវឌ្ឍន៍កោះស្រឡៅជាកោះ អព្យាក្រឹតកាបូន (Carbon Neutral) គំរូដំបូងគេនៅកម្ពុជានិងនៅក្នុងតំបន់ ត្រូវបានប្រកាសដោយ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅលើកោះស្រឡៅ ដោយផ្ទាល់៕

To Top