រដ្ឋមន្ត្រី ហេង សួរ ចូលរួមកម្មវិធី អបអរសាទរបុណ្យ ចូលឆ្នាំថ្មី ឆ្នាំ២០២៦ នៃសមាគមអតីតនិស្សិតខ្មែរ ពីប្រទេសជប៉ុន (JAC)
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកម្មវិធី អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នៃសមាគមអតីតនិស្សិតខ្មែរ ពីប្រទេសជប៉ុន(JAC) នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលមានការអញ្ជើញ ចូលរួម ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំសមាគម និងអតីតនិស្សិតខ្មែរ មកពីប្រទេសជប៉ុនសរុបជាង ១០០រូប។

ក្នុងនាមជាអតីតនិស្សិតជប៉ុនម្នាក់ លោករដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងបង្ហាញនូវក្តីរីករាយ ចំពោះកម្មវិធីដ៏មានអត្ថន័យនេះ ដោយ លោកបានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែ ជាឱកាសសម្រាប់ អតីតនិស្សិតខ្មែរពីជប៉ុន បានភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញ និងជួបគ្នាដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្តុតាងដ៏មានអត្ថន័យបង្ហាញពីទំនាក់ទំនង “ប្រជាជននិងប្រជាជន” ដែលជាគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុនផងដែរ។

ទន្ទឹមនឹងនេះ លោកមានប្រសាសន៍ថា ប្រទេសជប៉ុនបានបង្កើត សក្តានុពលយ៉ាងធំ ដល់អតីតនិស្សិតទាំង ផ្នែកបុគ្គលិកលក្ខណៈ និងវិជ្ជាជីវៈ ដែលប្រែក្លាយ ពួកគាត់ទៅជាអ្នកដឹកនាំ និងជាអ្នកចូលរួមដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។ ជាក់ស្តែង អនុប្រធានទី២ នៃព្រឹទ្ធសភា និងរដ្ឋមន្ត្រីបីរូបបច្ចុប្បន្ន របស់កម្ពុជា រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ក៏ជានិស្សិតបញ្ចប់ការ សិក្សាពីសាកលវិទ្យាល័យជប៉ុន។

នាឱកាសនោះ លោក ហេង សួរ ក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថា ដំណើររបស់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន គឺមិនត្រឹមតែសម្រាប់ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការកសាងស្ពានទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ។ តាមរយៈការគាំទ្រប្រកបដោយសប្បុរសធម៌ពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន កម្មវិធីអាហារូបករណ៍ MEXT, JDS និង JICA បានជួយឲ្យជនជាតិខ្មែរជាង ១ ០០០ នាក់ទទួលបានបរិញ្ញាបត្រពីជប៉ុន ខណៈដែលមាននិស្សិតជាង ៦០០ នាក់កំពុងបន្តការសិក្សានៅទីនោះ ដែលកំពុងធ្វើជាស្ពានភ្ជាប់វប្បធម៌រវាងប្រទេសទាំងពីរ។

ជាមួយនឹងការថ្លែងជូនពរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ហេង សួរ បានថ្លែងអំណរគុណយ៉ាង ស្មោះស្ម័គ្រចំពោះមិត្តភក្តិជា ទីគោរពជនជាតិជប៉ុន ស្ថានទូតជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឱកាស អប់រំដ៏មានតម្លៃចំពោះឯកឧត្តម ក៏ដូចជាជនជាតិខ្មែរដទៃទៀតជាច្រើនរូបផងដែរ៕










