ព័ត៌មានជាតិ

កម្ពុជា តវ៉ាជាផ្លូវការ ចំពោះសកម្មភាពខុសច្បាប់ របស់ថៃ កាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការ ចំពោះសកម្មភាពខុសច្បាប់ របស់ថៃកាន់កាប់នៅ តំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ព្រមទាំងនៅស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។

តាមរបាយការណ៍ នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុម ធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី តាមបណ្តោយព្រំដែន ចន្លោះបង្គោលព្រំដែន លេខ៤៥ និង៤៧ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។

សកម្មភាពឯកតោភាគីរបស់ថៃនេះ គឺជា ការប៉ុនប៉ងខុសច្បាប់ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្តែង (Fait Accompli on the ground) និងការ សម្រេចទុកជាមុននូវលទ្ធផល នៃការងារកំណត់ខណ្ឌសីមាព្រំដែន ដែលកំពុងអនុវត្ត ដោយគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ នៅតាមបណ្តោយព្រំដែននៃផ្នែកនេះ។

លើសពីនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងទ័ពថៃប្រមាណ៧០ នាក់ អមដោយរថពាស ដែកចំនួន២គ្រឿង ត្រូវបានដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៃ ប្រទេសកម្ពុជា ដោយពួកគេបានបន្តដាក់ ពង្រាយលួសបន្លាបន្ថែម។ នៅថ្ងៃនោះដែរ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់ពង្រាយគ្រឿង ចក្រធុនធ្ងន់ ធ្វើសកម្មភាពឈូសឆាយដី នៅជិតបង្គោលព្រំដែនលេខ២ (បច្ចុប្បន្ន) ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

To Top