ព័ត៌មានជាតិ

សង្ក្រាន្តមិត្តភាពកម្ពុជា-ចិន នៅឃុំដូង ស្ពានភ្ជាប់វប្បធម៌ និងមិត្តភាពប្រជាជនទាំងពីរ

តាកែវ ៖ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ពិធី សង្ក្រាន្តមិត្តភាពកម្ពុជា-ចិន ត្រូវបានរៀបចំយ៉ាងអធិកអធម ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។

ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន រួមទាំងតំណាងភាគីចិន ដឹកនាំដោយលោកស្រី វ៉ង យ៉ាហួយ ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា ព្រមទាំងតំណាងសង្គមស៊ីវិលចិន វិទ្យាស្ថានខុងជឺ និងសហគ្រាសចិនជាច្រើន។

ក្នុងឱកាសនេះ លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងសារស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាពិសេសមិត្តចិន ដែលបានអញ្ជើញចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាលើកទី២ បន្ទាប់ពីការផ្តួចផ្តើមរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល តាំងពីឆ្នាំ២០២៥មក។

ជាផ្នែកមួយនៃកម្មវិធី លោកស្រី វ៉ង យ៉ាហួយ បានបង្ហាញនូវអារម្មណ៍រីករាយ និងកិត្តិយសយ៉ាងខ្លាំង ដោយបានស្លៀកសម្លៀកបំពាក់បុរាណខ្មែរ និងចូលរួមទស្សនាការសម្តែងសិល្បៈបុរាណដ៏ចម្រុះ ដូចជា របាំត្រុដិ របាំក្ងោក និងរបាំឆៃយ៉ាំ ព្រមទាំងបានចូលរួមលេងល្បែងប្រពៃណីខ្មែរ រួមមាន បោះអង្គុញ ចោលឈូង និងលាក់កន្សែង។ ការសម្តែងទាំងនេះ ត្រូវបានអនុវត្តដោយគ្រូ និងសិស្សមកពីសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ដែលបង្ហាញពីសមត្ថភាព និងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិយ៉ាងល្អប្រសើរ។

ថ្លែងក្នុងពិធី លោក កឹមរ័ត្ន វិសិដ្ឋ បានកោតសរសើរខ្ពស់​ ចំពោះការរៀបចំកម្មវិធី និងការចូលរួមយ៉ាងសកម្មពីមិត្តចិន ដែលបញ្ជាក់ពីភាពជិតស្និទ្ធ និងសាមគ្គីភាពរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ ។ លោកបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែពង្រឹងទំនាក់ទំនងរដ្ឋនិងរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ទំនាក់ទំនង ប្រជាជននិងប្រជាជន ឲ្យកាន់តែរឹងមាំថែមទៀតផងដែរ។

ជាពិសេស លោកបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមផ្សព្វផ្សាយប្រពៃណីចូលឆ្នាំខ្មែរ ដែលមានអរិយធម៌ជាង២ពាន់ឆ្នាំ ទៅកាន់ប្រជាជនចិន តាមរយៈបណ្តាញសារព័ត៌មាននានា ដែលបានជំរុញការយល់ដឹង និងការចាប់អារម្មណ៍របស់ភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា។

គួរបញ្ជាក់ថា ក្នុងបរិបទនៃការលើកកម្ពស់វិស័យទេសចរណ៍ កម្ពុជាបានត្រៀមខ្លួនក្នុងការផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃជូនប្រជាជនចិន សម្រាប់រយៈពេលសាកល្បង៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដែលជាវិធានការសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងជំរុញសេដ្ឋកិច្ចជាតិ។

ក្នុងន័យនេះ ពិធីសង្ក្រាន្តមិត្តភាពកម្ពុជា-ចិន ដែលរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល មិនត្រឹមតែជាការអបអរសាទរបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងគ្រប់វិស័យ៕

To Top