ក្រសួងទេសចរណ៍ នាំយកនូវអំណោយ របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤
ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ តាមរយៈការចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងទេសចរណ៍ និងយោធភូមិភាគទី៤, ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ តែងតែនាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤។

ដូចគ្នានេះដែរ នៅឆ្នាំនេះ ដោយស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក, កាលពីចុងសប្តាហ៍ នៃខែមេសា ឆ្នាំ២០២៦នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងមកដល់នាពេលខាងមុខនេះ។

ការប្រគល់អំណោយនេះ មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរងយោធភូមិភាគទី៤ តំណាង លោក ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ ក្រសួងទេសចរណ៍ សរុបប្រមាណ ៣០នាក់។

សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លាខាងលើ រួមមាន៖ អង្ករចំនួន ៥តោន, មីចំនួន ៥០០កេស, ទឹកសុទ្ធចំនួន ១០០០កេស/យួរ, ទឹកត្រីចំនួន ១៥០យួរ, ទឹកស៊ីអ៊ីវចំនួន ១៥០យួរ, ត្រីខចំនួន ១០កេស, នំ ៩០០ចំនួន ១៨កេស, ខ្ទឹមសចំនួន ២បេ, ថ្នាំពេទ្យជាច្រើនមុខ ព្រមទាំងថវិកាមួយចំនួនផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម “រាក្យសាទេវី” សូមប្រសិទ្ធពរជ័យ សិរិសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់ថ្នាក់ដឹកនាំ និងបងៗកងកម្លាំងប្រដាប់អាវុធទាំងអស់ ព្រមទាំងក្រុមគ្រួសារ សមប្រកបដោយពុទ្ធពរ ៥ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕





