ព័ត៌មានជាតិ

អាជ្ញារាជធានីភ្នំពេញ បន្តយុទ្ធនាការបាញ់ ថ្នាំសម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ និងតាមសហគមន៍នានា

ភ្នំពេញ៖​ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារ កងកម្លាំងកងពលតូចលេខ៧០(ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌទាំង១៤ បន្តយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ និងតាមសហគមន៍នានា ទូទាំងរាជធានីភ្នំពេញ​ ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម ។

លោកវិជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឱ្យដឹងថា អនុវត្តតាមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងគិតគូរបញ្ហាសុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយនៅ ចុងសប្តាហ៍នេះ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា ក្នុងមូលដ្ឋាន នៅរាជធានីភ្នំពេញ ធ្វើឡើងដោយក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច លេខ៧០ «ង៧០» បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងតាមសហគមន៍នានា ទូទាំងរាជធានីភ្នំពេញ ។

ក្នុងឱកាសនេះ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវអោយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា) ត្រូវរួមគ្នា លុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍ ដើម្បីរួមចំណែកទុប ស្កាត់ការចម្លងជំងឺគ្រុនឈាម ។

គួរឱ្យដឹងថា កន្លងមក លោក ឃួង ស្រេង បានណែនាំដល់ក្រុមការងារបាញ់ថ្នាំសម្លាប់មូស ឱ្យយកចិត្តទុកដាក់ ដោយបាញ់តាមលំនៅដ្ឋានប្រជាពលរដ្ឋ ពិសេសនៅតាមប្រឡាយ លូ បានកើតមូសយ៉ាងច្រើន បង្កអោយមានហានិភ័យ ចំពោះសុខមាលភាពប្រជាពលរដ្ឋ។

តាមរយៈយុទ្ធនាការនេះ ធ្វើឱ្យប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែង និងអរគុណ ចំពោះលោកអភិបាលរាជធានីភ្នំពេញ ដែលបានចាត់ចែងក្រុមគ្រូពេទ្យ នៃកងកម្លាំងអង្គភាព៧១១ កងពលតូចលេខ៧០ និង មន្ទីរសុខាភិបាលរាជធានី ឱ្យចុះបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុន ឈាម ដែលនេះបង្ហាញឱ្យឃើញ ពីកាគិតគូរពីសុខមាលភាពសាធារណៈ របស់បងប្អូនប្រជាពលរដ្ឋ៕

To Top