វីរកងទ័ព និងជនភៀសសឹក បានទទួលភាពកក់ក្តៅ ពីថ្នាក់ដឹកនាំ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប៉ែន បូណា បានលើកឡើងថា វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកបានទទួលភាពកក់ក្តៅ ក្រោមការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ និងអ្នកនៅសមរភូមិក្រោយ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីនៃក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរនៅគ្រប់ទិសទី តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលា ចំពោះវីរយុទ្ធជន ដែលឈរជើងនៅជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ។
លោកថា “ជាពិសេសក្នុងឱកាសដែលប្រទេសកម្ពុជា ត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខនេះ ស្មារតីសាមគ្គីជាតិ និងការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ”។
អ្នកនាំពាក្យបន្ថែមថា កម្មវិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក៏ត្រូវបានរៀបចំជូនពលរដ្ឋភៀសសឹក ក្នុងអត្ថន័យ នៃការថែរក្សាទំនៀម ទម្លាប់ប្រពៃណី ពីដូនតាផង និងបង្ហាញស្មារតីផ្សារភ្ជាប់គ្នា រួមសុខទុក្ខជាមួយគ្នា រវាងសមរភូមិមុខ និងមសរភូមិក្រោយផង នៅក្នុងគ្រាដែលប្រជាជាតិខ្មែរ ទាំងមូលរួមដៃគ្នាការពារបូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ៕
