គ្រួសារសុខាភិបាល អបអរសាទរសង្រ្កាន្តឆ្នាំថ្មី ជាមួយល្បែងប្រជាប្រិយខ្មែរ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរៀបចំការលែងល្បែង ប្រជាប្រិយខ្មែរ និងការកំសាន្តរីករាយជួបជុំរវាងសហភាតរៈសុខាភិបាល ដែលមានការចូលរួមពីលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃក្រសួងសុខាភិបាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។

ក្នុងវេលាដ៏រីករាយនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានយកឱកាសថ្លែងនូវអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ទាំងថ្នាក់ជាតិ និងគ្រប់មូលដ្ឋានសុខាភិបាលក្នុងសហគមន៍ ដែលតែងតែលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា សា្មរតី ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ នៅគ្រប់កាលៈទេសៈ ប្រកបដោយប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ និងនវានុវត្តន៍។ បន្ថែមពីនេះ ការជួបជុំគ្រួសារសុខាភិបាល ប្រៀបប្រដូចបានទៅនឹងប្រព័ន្ធសុខាភិបាលមួយដែលរឹងមាំ ដែលកើតចេញពីសាមគ្គីភាព ឈរលើស្មារតីតែមួយ សហការគ្នា រួបរួមគ្នា ដើរឆ្ពោះទៅមុខទាំងអស់គ្នា ដើម្បីសុខុមាលភាពប្រជាជនកម្ពុជា។

សូមជម្រាបជូនថា ការលេងល្បែងប្រជាប្រិយនីមួយៗ មានការរំលឹកអំពីប្រវត្តិ និងរបៀបនៃការលេងល្បែងប្រជាប្រិយនីមួយៗ ដើម្បីជាការរំលឹកពីវប្បធម៌ ប្រវត្តិដ៏យូរលង់ និងបង្ហាញពីខ្លឹមសារ អត្ថន័យនៃល្បែងប្រជាប្រិយខ្មែរពីដូនតា ដែលនេះគឺជាការនាំឱ្យកូនខ្មែរគ្រប់រូបពីជំនាន់មួយ ទៅជំនាន់ស្គាល់ និងបន្តថែរក្សាទំនៀមទំលាប់ប្រពៃណីខ្មែរដ៏ល្អប្រពៃនេះ៕











