ក្រុមហ៊ុនដឹកអ្នកដំណើរ និងម្ចាស់រថយន្តឈ្នួល កុំដំឡើងថ្លៃនាថ្ងៃចូលឆ្នាំខ្មែរ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានអំពាវនាវឱ្យក្រុមហ៊ុនដឹកអ្នកដំណើរ និងម្ចាស់រថយន្តឈ្នួល កុំដំឡើងថ្លៃនាឱកាសបុណ្យចូលឆ្នាំខ្មែរ ។
ក្រៅពីអំពាវនាវបែបនេះហើយ គ.ស.ច.គ.ក៏បានស្នើឱ្យអ្នកប្រើប្រាស់ដងផ្លូវនានាចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកផងដែរ។
សេចក្តីអំពាវនាវរបស់គ.ស.ច.គ.នៅថ្ងៃ៦ មេសានេះបានឱ្យដឹងថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ សាធារណជនជាអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបើកបរដោយគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចូលរួម ទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើសុំថា អ្នកធ្វើដំណើរត្រូវចូលរួមអនុវត្តន៍តាមសេចក្តីអំពាវនាវដូចខាងក្រោម ៖ កុំបើកបរលើសល្បឿនកំណត់ , កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន , ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក , ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញា បែងចែកគន្លងផ្លូវ។
ជាមួយគ្នានេះ ត្រូវប្រុងប្រយ័ត្នជានិច្ច ក្នុងការបត់ ការជែង ការចត និងការឈប់ ពិសេសការបើកបរនៅពេលយប់ , ត្រូវត្រួតពិនិត្យមុនចេញ ដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត , ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរ តាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ និងមិនត្រូវលេងគប់ទឹក ឬប៉ាតម្សៅដល់អ្នកប្រើប្រាស់ផ្លូវ។
ទន្ទឹមនឹងនេះ កុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់ ។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹង ចូលរួមគោរពអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៕
