ក្រសួងការងារ ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាល ចំនួន ៣មានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ខេត្តកំពង់ចាម-កំពង់ឆ្នាំង-កំពង់ធំ ៖ នៅបណ្ដាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន ៣រួមមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារ ជាង ៦ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ នេះបើតាមឱ្យដឹង ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារ សរុបចំនួន ៦,៥៤០កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារ ធ្វើនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម ។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។
ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕



