ប្រធានរដ្ឋសភា ៖ សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងដ៏រឹងមាំ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (ស.ម.អ.ស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដើរតួនាទីយ៉ាងសំខាន់ បង្កើនការផលិតក្នុងស្រុក ទាំងបរិមាណ និងគុណភាព ជំនួសឱ្យការនាំចូលពីបរទេស ធានាបាននូវនិរន្តរភាពនៃទំនិញក្នុងស្រុក ក្រោមទិសស្លោក «ខ្មែរធ្វើបាន» «ខ្មែរជួយខ្មែរ» និងខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន”។

សម្តេច ប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ ក្នុងឱកាសអនុញ្ញាតជូនប្រតិភូថ្នាក់ដឹកនាំសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សម្តេច បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម គឺជា «ឆ្អឹងខ្នងដ៏រឹងមាំ» ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល។ វត្តមានសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) មានប្រមាណ ៧៥ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។ អ្វីដែលជាមោទនភាពបំផុតនោះ គឺការឃើញឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្ម ដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលនេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុត សម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល។

សម្តេច ប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ សម្ពន្ធ័សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឱ្យបន្តដើរតួជាក្បាលម៉ាស៊ីន ក្នុងការរុញច្រានការបណ្តុះបណ្តាល ផ្នែកនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មិនត្រឹមតែជាអ្នកការពារផលប្រយោជន៍សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា «អ្នកលើកកម្ពស់មោទនភាពផលិតផលខ្មែរ» លើឆាកអន្តរជាតិ ដែលសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ចាំបាច់ត្រូវបន្តពង្រឹង និងពង្រីកឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕
