ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន ចាត់ឱ្យមន្ត្រីជំនាញ ចុះស៊ើបអង្កេតរកការពិត ករណីមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ២រូប

ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានចុះពិនិត្យស្រាវជ្រាវករណីមន្ត្រី នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចំនួន ២រូប សង្ស័យបានទាមទារប្រាក់ចំនួន ៦០០ដុល្លារ ពីរោងចក្រដំណាប់ស្វាយនៅខេត្តកំពង់ស្ពឺ។

មន្រ្តីនៃក្រសួងបរិស្ថាន បានចុះមកដល់ទីតាំងរោងចក្រខ្នាតតូច កែឆ្នៃដំណាប់ស្វាយ ឈ្មោះ ហុង ចេងហ្វាង ដែលមានទីតាំងនៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានជួបតំណាងក្រុមហ៊ុន ជាជនជាតិចិន និងអ្នកបកប្រែចំនួន ២នាក់ ដោយបានសួរនូវសំណួរស៊ើបអង្កេតជាច្រើន ដើម្បីស្វែងរកការពិត និងរកភាពស្អាតស្អំជូនភាគីម្ចាស់ក្រុមហ៊ុន ក៏ដូចជាភាគីមន្ត្រីនៃមន្ទីរបរិស្ថាន។

ការចុះស៊ើបអង្កេតនៅទីតាំងរោងចក្រនេះ ធ្វើឡើងតាមបញ្ជារបស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្ទាប់ពីឃើញការផ្សព្វផ្សាយថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទាមទារលុយពីរោងចក្រចំនួន ១៥០០ដុល្លារ ជាថ្នូរនឹងការធ្វើរបាយការណ៍ វាយតម្លៃមិនល្អលើការងារគ្រប់គ្រងសំណល់រឹង រាវ ក្នុងរោងចក្រ ប៉ុន្តែក្រោយ បានព្រមព្រៀងគ្នាត្រឹម ៦០០ដុល្លារ។

គួររម្លឹកថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែមីនា លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសថា «ក្រសួងបរិស្ថាន នឹងមិនទុកឱ្យករណីនេះចប់ ដោយមិនដឹងខុសត្រូវ ហើយមិនមានអ្នកទទួលខុសត្រូវនោះទេ។ ក្រសួងបរិស្ថាន មិនអនុញ្ញាត ឱ្យមន្ត្រីប្រព្រឹត្តអំពើខុសឆ្គងនោះទេ។ មន្ត្រីប្រព្រឹត្តខុស នឹងទទួលខុសត្រូវ តែបើមិនបានប្រព្រឹត្តខុសទេ នឹងទទួលបានយុត្តិធម៌»៕

To Top