ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ សម្តេចធិបតី បំពេញទស្សនកិច្ចនៅបារាំង គឺជាដំណើរបេសកកម្ម ការទូតថ្មីមួយទៀត

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសបារាំង គឺជាដំណើរបេសកកម្ម ការទូតថ្មីមួយទៀត ដើម្បីឧត្តមប្រយោជន៍ជាតិ ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកប៉ែន បូណា បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយ លោកម៉ាក្រុង នឹងពិភាក្សាអំពីការពង្រឹង និងពង្រីកបន្ថែម នូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-បារាំង ដែលកំពុងរីកចម្រើន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យក្លាយជាភាព ជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។

លោកថា “នេះជាដំណើរបេសកកម្មការទូតថ្មីមួយទៀត របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន” ។

សូមបញ្ជាក់ថា កាលពីចុងខែកុម្ភៈកន្លងទៅ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញបំពេញបេសកកម្មការទូតដ៏វែងមួយនៅសហរដ្ឋអាម៉េរិក និងទ្វីបអឺរ៉ុបដោយក្នុងអំឡុងពេលនោះ សម្តេចបានអញ្ជើញ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នៅទីក្រុងវ៉ាស៊ីនតោន និងបានជួបពិភាក្សាការងារ ជាមួយឥស្សរជន ថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិកនិងអឺរ៉ុប ក៏ដូចជាថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា រួមទាំងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិជាច្រើន ៕

To Top