ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល លើកឡើង ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម បដិការកម្ពុជា-អាមេរិក សុទ្ធតែជាកត្តាផ្តល់ ភាពទាក់ទាញ ដល់ក្រុមហ៊ុនធំៗពីបារាំង

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីសក្តានុពលវិនិយោគនៅកម្ពុជា ភាពអនុគ្រោះនៃច្បាប់ស្តីពីវិនិយោគ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការកម្ពុជា-សហរដ្ឋអាមេរិក ដែលសុទ្ធតែជាកត្តាដែលផ្តល់នូវភាពទាក់ទាញ ដល់ក្រុមហ៊ុនធំៗពីប្រទេសបារាំង។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូន លោក Oliver Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យវិនិយោគឱ្យកាន់តែមានសន្ទុះខ្លាំងក្លា ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់កន្លងមក។

ក្នុងឱកាសនៃជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង (20th Francophonie Summit ) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅចុងឆ្នាំ២០២៦ ខាងមុខនេះ និងផែនការនៃការរៀបចំព្រឹត្តិការណ៍អមសម្រាប់វិស័យពាណិជ្ជកម្ម និងធុរកិច្ច។

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើចំណុចគន្លឹះមួយចំនួន រួមមានការជំរុញការវិនិយោគផ្ទាល់ពីបារាំង (FDI) ដោយក្នុងនោះដែរ លោកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការចូលរួមសម្របសម្រួល និងរៀបចំវេទិកាធុរកិច្ចនានា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនបារាំង និងដៃគូក្នុងស្រុកឱ្យកាន់តែជិតស្និទ្ធ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា និងបានជូនពរឱ្យបេសកកម្មការទូតរបស់ ឯកឧត្តម Oliver Richard នៅកម្ពុជាទទួលបានជោគជ័យត្រចះត្រចង់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា-បារាំង៕

To Top