ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងកោតសរសើរ ចំពោះក្រសួងបរិស្ថាន បាននិងកំពុងជំរុញភាពស្អាត នៅកម្ពុជា
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងគាំទ្រ និងកោតសរសើរចំពោះក្រសួងបរិស្ថាន ដែលបាននិងកំពុងជំរុញសកម្មភាពដើម្បី «ភាពស្អាត» នៅប្រទេសកម្ពុជា។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលធុង ដាក់សំរាមរបស់ក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលខេត្តព្រៃវែង ចំនួន ៥២៩៧ធុង ដើម្បីចែកជូនទៅតាមសាលារៀន វត្តអារាម និងមណ្ឌលសុខភាពតាមមូលដ្ឋាន ដែលបានប្រព្រឹត្តទៅ នៅសាលាខេត្តព្រៃវែង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះការចូលរួមសម្អាត អនាម័យបរិស្ថាន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលរាជរដ្ឋាភិបាលបានកំណត់យក «អនាម័យបរិស្ថាន» ជាចំណុចសំខាន់មួយក្នុងចំណោមលក្ខណៈសម្បត្តិទាំង ៧ នៃគោលនយោបាយ ដើម្បីលើកកម្ពស់សុខុមាលភាព និងសោភ័ណភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងជំរុញចលនាចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាធ្វើអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមផ្ទះ តាមមូលដ្ឋាន សាលារៀន វត្តអារាម និងទីសាធារណៈឱ្យបានជាប្រចាំ ដែលវាមិនត្រឹមតែផ្តល់នូវសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សោភ័ណភាព មានភាពស្អាត និងមានសណ្តាប់ធ្នាប់ល្អទៀតផង។

ក្នុងឱកាសអញ្ជើញចូលរួមពិធីនេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានបន្តផ្តល់ជូនធុងសំរាម ដល់នៅតាមសាលារៀន វត្តអារាម មណ្ឌលសុខភាព គឺមានសារៈសំខាន់ណាស់ ព្រោះវាជួយអប់រំប្រជាពលរដ្ឋ ចេះញែកនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជួយឱ្យការកែច្នៃឡើងវិញកាន់តែងាយស្រួល និងបង្កើតតម្លៃសេដ្ឋកិច្ចពីសំរាមដែលអាចកែច្នៃបាន និងបង្កលក្ខណៈងាយស្រួល ដល់ការប្រមូល សម្អាត និងដឹកជញ្ជូន យកទៅទុកដាក់នៅទីលានឱ្យមានសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន នាពេលកន្លងមក បានផ្តល់ធុងដាក់សំរាម សរុប ១៩ ៣៦៨ធុង ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។ តាមការគ្រោងទុក ក្រសួងបរិស្ថាន និងផ្តល់ជូនធុងសំរាមឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅតាមរាជធានី-ខេត្ត មួយចំនួនទៀតទូទាំងប្រទេស សរុប ចំនួន ៥៥ ៣២៥ ធុង នៅក្នុងឆ្នាំ២០២៦នេះ៕




