ព្រះមហាក្សត្រ ៖ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ គឺជាព្រឹត្តិការណ៍ដ៏មានតម្លៃ
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ គឺជាព្រឹត្តិការណ៍ដ៏មានតម្លៃវិសេសវិសាល ដែលប្រារព្ធឡើង តាមប្រតិទិនសុរិយគតិ សម្រាប់ពុទ្ធសាសនិកជន និងសាធារណជន ។
ក្នុងព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិឆ្នាំ២០២៦នេះ ប្រារព្ធឡើង ក្រោមប្រធានបទ “ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈ មាគ៌ាព្រះពុទ្ធសាសនា” ។

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ប្រារព្ធឡើងតាមប្រតិទិនសុរិយគតិ សម្រាប់ពុទ្ធសាសនិកជន និងសាធារណជន ឱ្យយល់ដឹងកាន់តែច្បាស់ អំពីខ្លឹមសារព្រះពុទ្ធសាសនា ដើម្បីឯកភាព និងសាមគ្គីភាព រវាងនិកាយទាំងអស់នៃព្រះពុទ្ធសាសនា ព្រមទាំងដឹកនាំពុទ្ធ បរិស័ទគ្រប់និកាយ ឱ្យបតិបត្តិបានខ្ជាប់ខ្ជួន តាមពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិនេះ ក៏បន្តផ្សព្វផ្សាយព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ ដើម្បីបុព្វហេតុនៃការរីកចម្រើន និងថែរក្សាសម្រាប់ការលើកកម្ពស់ សាមគ្គីភាព គោរពព្រះពុទ្ធសាសនា និងការកសាងសន្តិភាព សុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិ និងនៅលើសកលលោកទាំងមូល។
សម្រាប់នៅព្រះរាជាណាចក្រកម្ពុជាវិញ ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមថា កម្ពុជា តែងតែប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់តម្លៃនៃព្រះពុទ្ធសាសនា ផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនាដែលជានិមិត្តរូប សម្រាប់ការអធិដ្ឋាន ដើម្បីសន្តិភាពពិភពលោក និងសុខុមាលភាពមនុស្សជាតិ៕
