ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស លើក្របខណ្ឌតាមដាន និងវាយតម្លៃផែនទី បង្ហាញផ្លូវកាតាលីករសកល ដើម្បីជំរុញការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា
ភ្នំពេញ ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការ នៃក្រុមការងារ ក.ផ.ក.អ. តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស ស្តីពីក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គម សម្រាប់អន្តរកាលយុត្តិធម៌» ដែលប្រារព្ធឡើងនៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួម ពីទីភ្នាក់ងារ អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងភាគីនិយោជក កម្មករនិយោជិត និងអង្គការសង្គមស៊ីវិល ក្នុងគោលបំណងពិនិត្យ និងកែលម្អក្រខ័ណ្ឌតាមដាន និងវាយតម្លៃ (RMF) នៃផែនទីបង្ហាញផ្លូវកាតាលីករសកល ដើម្បីជំរុញការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានថ្លែងបើកអង្គសិក្ខាសាលា ដោយបានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមជា «ប្រទេសត្រួសត្រាយផ្លូវ» នៅចុងឆ្នាំ២០២៣ និងអនុវត្តផែនទីបង្ហាញផ្លូវ ២០២៥-២០២៨ ដោយផ្តោតលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំនាញ និងការគាំពារសង្គម មានគោលដៅយុទ្ធសាស្ត្រ ៥ សំខាន់ៗរួមមាន ការអនុម័តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគាំទ្រការបង្កើតការងារ ការអភិវឌ្ឍជំនាញ ការពង្រីកការគាំពារសង្គមឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកល ការជំរុញសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការបង្កើតបរិយាកាសទីផ្សារ ការងារប្រកបដោយបរិយាបន្ន។

ជាមួយគ្នានេះ លោកស្រី សុវណ្ណ វណ្ណារតន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលេខាធិការដ្ឋាន ក.ផ.ក.អ. ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងសហការរៀបចំឯកសារ និងសិក្ខាសាលានេះឡើង។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីកិច្ចពិភាក្សានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញ ការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជា ឱ្យសម្រេចបានជោគជ័យតាមការរំពឹងទុក ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត៕







