ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំលើកទី១ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ក្រោមមូលនិធិអាកាសធាតុបៃតង

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការក្នុងក្របខ័ណ្ឌ កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) ដែលមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (Korea Development Bank-KDB), ក្រុមហ៊ុន Mekong Strategic Capital (MSC), និងក្រុមការងារអនុវត្តកម្មវិធីCCFF (CCFF Working Group)។

គោលបំណងនៃកិច្ចប្រជុំ រួមមាន៖ (១) ការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី CCFF, (២) ការពិភាក្សាលើការផ្តល់ឥណទានដល់គម្រោងបៃតង, (៣) ការពិនិត្យលើផែនការបញ្ចេញឥណទាន, និង (៤) ទិសដៅជាបន្តបន្ទាប់។

ក្នុងនោះ, លោកបណ្ឌិតក៏បានផ្តល់អនុសាសន៍ តម្រង់ទិសដល់ក្រុមការងារអនុវត្តកម្មវិធី CCFF ក្នុងការពង្រឹង និងពិនិត្យលើការវាយតម្លៃឥណទាន ជាពិសេសយន្តការ និងស្តង់ដារនៃការគណនាឧស្ម័នកាបូនិច ក៏ដូចជាការគិតគូរអោយបានដិតដល់ចំពោះក្រុមងាយរងគ្រោះ សំដៅដល់ការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទាន ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។

កិច្ចប្រជុំនេះប្រព្រឹត្តឡើងនាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ៕

To Top