រដ្ឋបាលរាជធានីភ្នំពេញ កំពុងតែមមាញឹកញាប់ដៃញាប់ជើង សម្រុករៀបចំតុបតែងលម្អសោភ័ណភាព នៅតាមទីកន្លែងសំខាន់ៗ ដើម្បីត្រៀមអបអរឆ្នាំថ្មី
ភ្នំពេញ៖ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធ របស់រដ្ឋបាលរាជធានីភ្នំពេញ កំពុងតែមមាញឹកញាប់ដៃញាប់ជើង សម្រុករៀបចំតុបតែងលម្អសោភ័ណភាព នៅតាមទីកន្លែងសំខាន់មួយចំនួន ដូចជាសួនច្បារសាធារណៈ ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មី។

ដោយឡែកសហភាព សហព័ន្ធយុវជនកម្ពុជា ក៏កំពុងរៀបចំតុបតែងលម្អផងដែរ ជាពិសេសភូមិវប្បធម៌ ក៏ដូចទីតាំងផ្សេងៗទៀតដែរ។

នៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ការកសាងរូបសំណាកសេះ ពណ៌មាសដ៏អង់អាច អមដោយ រូបសំណាកចាប៉ីដងវែងដ៏ធំមួយក៏រួចរាល់ ជាមួយការតុបតែងលម្អយ៉ាងស្រស់ស្អាត មានរូបសំណាកទូករាជហង្ស ទូក រទេះសាលី រូបសំណាកមង្កុដយក្ស រូបសំណាក ជាច្រើនទៀតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ កំពុងលេចរូបរាងជាបណ្តើរៗហើយ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិនាឱកាសឆ្នាំថ្មីនេះ។

យោងតាមមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រូបសំណាកសេះពណ៌មាសដ៏ធំអង់អាច ក្លាហានតំណាង ឱ្យឆ្នាំ មមី ធ្វើពីឬស្សី មានកម្ពស់ ៣,៨៩ម៉ែត្រ រចនាក្រោមថ្វីដៃជាងដ៏ចំណាន ត្រូវបានក្រុមការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ ដំឡើងរួចរាល់នៅលើបល្ល័ង្កកម្ពស់ ៣ម៉ែត្រ ទទឹង៣ម៉ែត្រខាងមុខ នាឡិកាធំនៃរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រង់ចាំទទួលស្វាគមន៍ ភ្ញៀវទេសចរមកទស្សនា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។

សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួម ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេស បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំ ជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គី នៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារ អតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) និងកម្មវិធីអមមាននៅបរិវេណបាសាក់លែនផ្លូវ៣០៨ (Bassac Lane) និងបរិវេណផ្សារទួលទំពូងផ្លូវ១៥៥៕



















