ព័ត៌មានជាតិ

សម្តេចធិបតី ស្នើប្រធានាធិបតីបារាំង ជួយប្រាប់ភាគីថៃ ឱ្យគោរពច្បាប់អន្តរជាតិ

ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីបានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើ ទៅលោក Emmanuel Macron ប្រធានាធិបតីបារាំង ជួយប្រាប់ទៅភាគីថៃ ឱ្យគោរព តាមច្បាប់អន្តរជាតិ លើការដោះស្រាយជម្លោះព្រំដែន ជាមួយកម្ពុជា ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយមាតុភូមិនិវត្ត របស់សម្តេចធិបតីពីប្រទេសបារាំងវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា បារាំងជាប្រទេសដៃគូ និង ប្រទេសជាមិត្ត តែយ៉ាងណាក៏ដោយ សម្តេចធិបតី មិនបានស្នើសុំទៅប្រធានាធិបតីបារាំង ឱ្យគាំទ្រកម្ពុជា លើជម្លោះព្រំដែនកម្ពុជា-ថៃនោះទេ ប៉ុន្តែសម្តេចបានស្នើឱ្យឯកឧត្តម ម៉ាក្រុង ជួយប្រាប់ភាគីថៃ ឱ្យគោរពតាមច្បាប់អន្តរជាតិ ។

លោកបញ្ជាក់ថា “ប៉ុន្តែសម្តេចធិបតី បានស្នើសុំឱ្យប្រទេសបារាំង របស់ឯកឧត្តមម៉ាក្រុង បន្តលើកតម្កើងគោលការណ៍របស់ខ្លួន ដែលស៊ីសង្វាក់គ្នាខ្លាំងមែនទែន និងគោលការណ៍ នៃប្រទេសកម្ពុជានោះគឺការគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាព និងគោរពបូរណភាព នៃបណ្តាប្រទេសនានានៅក្នុងពិភពលោក” ។

ជាមួយគ្នានេះ លោកបានរំលឹកថា ដោយសារតែមានការជួយជ្រោមជ្រែង ពីភាគីអន្តរជាតិជាប្រទេសមហាអំណាចដូចជា អាមេរិក-ចិន និងប្រទេសជាសមាជិកអាស៊ាន បានជួយធ្វើឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ចំនួន២លើក គឺលើកទី១នៅអំឡុងខែកក្កដា និងលើកទី២នៅខែធ្នូ ចុងឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ។ កម្ពុជាមិនទទួលស្គាល់ដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ៕

To Top