ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ និងAir Cambodia ពង្រឹងកិច្ចសហការ ក្នុងគោលបំណងជំរុញ វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ នៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នាពេលខាងមុខនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារ​ ជាមួយលោកបណ្ឌិត David Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងសហការី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Air Cambodia ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់ ។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងសហការល្អ ដោយភាគីទាំងពីរ បានពិភាក្សាផ្តោតលើការពង្រីកបណ្តាញជើងហោះហើរ ការបង្កើនគុណភាពសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងកោតសរសើរ​ ចំពោះក្រុមហ៊ុន Air Cambodia ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជំរុញវិស័យទេសចរណ៍ និងការតភ្ជាប់បណ្តាញជើងហោះហើរកម្ពុជា ជាមួយបណ្តាប្រទេសនានា នៅលើពិភពលោក ខណៈលោកបណ្ឌិត David Zhan ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រឹងកិច្ចសហការ ជាមួយក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់កិត្តិនាមកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕

To Top