អនុប្រធានទី២ រដ្ឋសភា ចែករំលែកបទពិសោធ នៃការរៀបចំគោល នយោបាយគាំពារសង្គម ដល់និវត្តជន នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា
ភ្នំពេញ៖លោក វង សូត អនុប្រធានទី២ រដ្ឋសភា ធ្វើការចែករំលែកបទពិសោធនៃការរៀបចំគោលនយោបាយគាំពារសង្គម ដល់និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅចំពោះមុខនិវត្តជនប្រមាណ២២៤ នាក់ កាលពីថ្ងៃទី៩មេសា ឆ្នាំ២០២៦ លោកអនុប្រធានទី២រដ្ឋសភា បានចែករំលែកបទពិសោធនៃការដឹកនាំរៀបចំគោលនយោបាយគាំពារសង្គម ជាពិសេសការរៀបចំគោលការណ៍សោធននិវត្តន៍សម្រាប់អតីតយុទ្ធជន និងនិវត្តជន ក្នុងពេលដែលឯកឧត្តម ធ្លាប់ចូលរួមដឹកនាំរាជរដ្ឋាភិបាល កាលពីនីតិកាលកន្លងទៅ។
លោកបន្តថាដោយការដឹងគុណ ចំពោះយុទ្ធជន និងមន្ត្រីរាជកាដែលធ្លាប់បានរួមចំណែកការពារនិងបម្រើជាតិមាតុភូមិ រាជរដ្ឋាភិបាលបានយកចិត្ត ទុកដាក់រៀបចំក្របខណ្ឌសោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដើម្បីឱ្យមន្ត្រីរាជការដែលបានចូលនិវត្តន៍ អាចបន្តរស់នៅក្នុងជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូរ នៅក្នុងសង្គម។ រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរអំពីសិទ្ធិ និងអត្ថប្រយោជន៍ របស់និវត្តជនមន្ត្រីរាជការប៉ុណ្ណោះទេ គឺថែមទាំងបានពង្រីកវិសាលភាពនៃគោលនយោបាយគាំពារសង្គមគ្របដណ្តប់ដល់វិស័យឯកជនថែមទៀតរួមបញ្ចូលទាំងបងប្អូនប្រជាពលរដ្ឋក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀតផងដែរ។ ជាអាទិ៍ ការបង្កើតបេឡាជាតិ សន្តិសុខសង្គមហៅកាត់ថា (ប.ស.ស)គឺពិតជាបានផ្តល់អត្ថប្រយោជន៍ធំធេងណាស់ ដល់ប្រជាជនកម្ពុជាគ្រប់រូប និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

អនុប្រធានទី២រដ្ឋសភា លើកឡើងថា និវត្តជនគឺជាធនធានដ៏មានតម្លៃ និងមានបទពិសោធជាច្រើន ក្នុងការចូលរួមបម្រើជាតិមាតុភូមិ ដូច្នេះហើយរាជរដ្ឋាភិបាលមិនភ្លេចឬទុកឱ្យបងប្អូននិវត្តជននៅឯកាឡើយ ហើយរាជរដ្ឋាភិបាលនៅតែបន្តរក្សាទំនាក់ទំនងបានយ៉ាងល្អជាមួយបងប្អូននិវត្តជនទាំងអស់។
លោកបានបង្ហាញការគាំទ្រចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតសមាគមអតីតយុទ្ធជនឡើង ដែលសព្វថ្ងៃនេះហៅថា សមាគមអតីតយុទ្ធជន និងនិវត្តជន ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន ព្រមទាំងគ្រួសារនិវត្តជនទូទាំងប្រទេស ។ គំនិតផ្តួចផ្តើមនេះ បង្ហាញពីទស្សនវិស័យដ៏វែងឆ្ងាយ របស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម សង្ឃឹមថា បងប្អូននិវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏នឹងមានឱកាសទទួលបានអត្ថប្រយោជន៍ ក្រោមឆត្រនៃសមាគមនេះផងដែរ។
ជាមួយគ្នានោះដែរលោកបានកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានរៀបចំក្របខណ្ឌសោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗ យ៉ាងសមរម្យដល់និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងបានផ្តល់អនុសាសន៍ដល់ អគ្គលេខាធិការរដ្ឋសភា បន្តរក្សាទំនាក់ទំនង ល្អជាមួយបងប្អូននិវត្តជន ព្រមទាំងពិនិត្យលទ្ធភាពរៀបចំការ ជួបជុំបន្ថែមទៀតរវាងនិវត្តជននិងមន្រ្តីរាជការដែលកំពុងបម្រើការងារ ដើម្បីចែករំលែកសុខទុក្ខ និងបទពិសោធរវាងគ្នា៕
