ADB ៖ ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៤,៥% ក្នុងករណីស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស
ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើង ៤,៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារ ទំនិញសកល ដែលបង្កឡើងដោយ ជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។ នេះបើយោងតាមបាយការណ៍សេដ្ឋកិច្ចពិសេសរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
ក្នុងសេណារីយោរបស់ ADB ករណីដែលស្ថានភាព នៅមជ្ឈិមបូព៌ា ធូរស្រាលឆាប់រហ័ស កំណើន ត្រូវបានគាំទ្រដោយដំណើរការ វិស័យកម្មន្តសាលដែលមានភាពធន់។ កំណើនត្រូវបានព្យាករថានឹងកើន ថែមទៀតដល់ ៥,០% នៅឆ្នាំ២០២៧ ដោយសារស្ថានភាព នៅក្រៅប្រទេសមានភាពប្រសើរឡើង ហើយ កំណែទម្រង់ក្នុងស្រុកបន្ត លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi បានមានប្រសាសន៍ថា «កម្ពុជាបន្តបង្ហាញភាពធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច ទោះបីជាមាន បញ្ហាប្រឈមជាសកលក៏ដោយ»។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៦ ព្យាករថា វិស័យ កម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្ន ផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរ សម និង កំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្គំអគ្គិសនី សំបកកង់ និង គ្រឿងសង្ហារឹម។ កំណើនមធ្យម នៃវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តទទួលបាន០,៩% ដែលគាំទ្រដោយតម្រូវ ការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលដែលលើក កម្ពស់ផលិតកម្មប្រកបដោយនិរន្តរភាព និង ធ្វើសមាហរណកម្មពលករ ចំណាកស្រុកដែលវិលត្រឡប់មក ក្នុងវិស័យនេះវិញ នឹងជួយពង្រឹងកំណើនក្នុង វិស័យនេះថែមទៀត។
កំណើនវិស័យសេវាកម្មត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៣,៤% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម ២.៣% ក្នុងឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ការវិនិយោគផ្ទាល់ពី បរទេសនៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគលើទ្រព្យសកម្មថេរដែលបានអនុម័ត កើនឡើង៤៥% ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែល មានតម្លៃបន្ថែមតែខ្ពស់។
លោកស្រី Siddiqi បានបន្ថែមថា «ការអភិវឌ្ឍកម្លាំងពលកម្ម ប្រកបដោយផលិតភាពគឺចាំបាច់ សម្រាប់ការទាក់ទាញ ការវិនិយោគចម្រុះប្រកបដោយគុណភាព ហើយកិច្ចសហការរវាងវិស័យសាធារណៈ និង ឯកជនក្នុងការអភិវឌ្ឍជំនាញគឺមានសារៈសំខាន់ណាស់ ក្នុងការសម្រេចបាននូវកំណើនរយៈពេលវែង របស់កម្ពុជា»។
សូមរំលឹកថា ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និង ប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈម ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និង ការពារភពផែនដីរបស់យើង៕
