៧ថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣៩ករណី បណ្តាលឱ្យមនុស្សស្លាប់ ២៥នាក់
ភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍ បានបន្តកើតឡើងសរុប ៣៩ករណី បណ្តាលឱ្យមនុស្សស្លាប់ ២៥នាក់ និងរងរបួសធ្ងន់ស្រាល ៤៦នាក់បន្ថែមទៀត។
តួលេខនេះ បើធៀបរយៈពេលដូចគ្នាកាលពីដើមខែមីនា ថយចុះ២ករណី អ្នកស្លាប់ថយចុះ៤នាក់ ប៉ុន្តែអ្នករបួសកើនឡើង ៩នាក់។
យោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ភូមិសាស្ត្រកើតមានគ្រោះថ្នាក់ទាំងនោះ ភាគច្រើនស្ថិតនៅ តាមមូលដ្ឋានសំខាន់ៗ មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម និងខេត្តស្វាយរៀង។
សូមរម្លឹកផងដែរថា កាលពីខែមីនាកន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសបានកើតឡើង សរុបចំនួន១៨៤ករណី ឆក់យកជីវិតមនុស្សចំនួន១០៧នាក់ និងបង្កឱ្យមានអ្នករបួសធ្ងន់ស្រាលរហូតដល់ ២៥៧នាក់។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រជាពលរដ្ឋខ្មែរធ្វើដំណើរមមាញឹកតាមដងផ្លូវទៅកាន់ស្រុកកំណើតនិងរមណីយដ្ឋានកម្សាន្តនានានោះ ក្រសួងមហាផ្ទៃ អំពាវនាវយ៉ាងទទូច សុំអ្នកដំណើរទាំងអស់ប្រកាន់ ខ្ជាប់ការគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក មានស្មារតីប្រុងប្រយ័ត្ន និងបើកបរដោយការយោគយល់អធ្យាស្រ័យ គ្នាទៅវិញទៅមក៕
