កម្ពុជា-វៀតណាម កំពុងមានមហិច្ចតា សម្រេចទំហំពាណិជ្ជកម្ម ដល់២០ពាន់លានដុល្លារ
ភ្នំពេញ ៖ ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមនាពេលបច្ចុប្បន្ន មានប្រមាណជា១០ពាន់លានដុល្លារនោះ បច្ចុប្បន្នភាគីទាំងពីរកំពុងធ្វើដំណើរបង្កើនឱ្យដល់កម្រិត២០ពាន់លានដុល្លារ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ថា លោក ត្រិន កឹមទូ បានលើកឡើងពីការផ្លាស់ប្ដូរទំនិញពាណិជ្ជកម្មជាមួយគ្នារវាងប្រទេសទាំងពីរដែលបានធ្វើឱ្យមានកំណើនពាណិជ្ជកម្មលើសពី១០ពាន់លានដុល្លារ ។ លោក ត្រិន កឹមទូ បន្តថា ពេលបច្ចុប្បន្នកម្ពុជា និងវៀតណាម កំពុងតែមានមហិច្ឆតា ក្នុងការសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឱ្យឡើងដល់២០ពាន់លានដុល្លារ ។

ជាការឆ្លើយតប សម្ដេចតេជោបានឯកភាពទាំងស្រុង ចំពោះការលើកឡើង របស់សមាជិកការិយាល័យ បក្សកុម្មុយនីស្តវៀតណាម ។ សម្ដេចតេជោបានពេញចិត្ត ចំពោះការលើកឡើង អំពីការបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ។ ដោយសម្ដេចតេជោបានចាត់ទុកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ គឺជាចំណុចស្នូលដ៏សំខាន់នៃទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម។

អ្នកនាំពាកបញ្ជាក់ថា “សម្ដេចតេជោចង់ឃើញប្រទេសទាំងពីរ សម្រេចបាននូវទំហំពាណិជ្ជកម្មដល់២០ពាន់លានដុល្លារ តាមការគ្រោងទុក។ បន្ថែមពីលើនោះ សម្ដេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភា ស្ថាប័នរដ្ឋ និងស្ថាប័នបក្សដែលប្រទេសទាំងពីរកំពុងតែពូនជ្រំ” ។

អ្នកនាំពាក្យបន្ថែមថា សកម្មភាពដែលត្រូវ ពង្រឹងបន្ថែមទៀតឱ្យកាន់តែស៊ីជម្រៅនោះ គឺនៅក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងរវាង ប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ ទាំងស្ថាប័នរដ្ឋ និងស្ថាប័នគណបក្ស៕
