លោក ស៊ុន ចាន់ថុល បញ្ជាក់ជាថ្មីថា គម្រោងព្រែក ជីកហ្វូណនតេជោ គ្រោងនឹងបញ្ចប់អំឡុងឆ្នាំ២០២៨ មានទុនវិនិយោគ ១,១៧ ពាន់លានដុល្លារ
តាកែវ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ដោយមានតម្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារ។

ការលើកឡើង របស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រង ធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
គម្រោងព្រែកជីកហ្វូនណនតេជោ ដែលឈ្មោះគម្រោង ផ្លូវត្រូវបានហៅថា «គម្រោងគ្រប់គ្រងធនធាន ទឹកចម្រុះហ្វូណនតេជោ» ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹករវាងទន្លេទឹកសាប ទៅកាន់សមុទ្រទឹកប្រៃ ហើយមានគុណតម្លៃខ្ពស់សម្រាប់បម្រើផ្នែកសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន បានគូសបញ្ជាក់ថា «គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយមានតម្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុកបានបោះទុនវិនិយោគសរុបចំនួន ៥១ភាគរយ និងក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន ចំនួន ៤៩ភាគរយ»។
សូមរំលឹកថា បន្ទាប់ពីគម្រោង ព្រែកជីកហ្វូណនតេជោ បានដំណើរការ នឹងបង្កើតឱកាសការងារថ្មីៗ បន្ថែមទៀត ក្នុងការគ្រប់គ្រង ប្រតិបត្តិការ ថែទាំ និងអភិវឌ្ឍន៍សកម្មភាពពាក់ព័ន្ធនឹងការដឹកជញ្ជូន និងពាណិជ្ជកម្មតាមផ្លូវទឹក ដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅតាមតំបន់ជុំវិញ ដោយបង្កើនប្រាក់ចំណូល និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ៕
