ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋថយថវិកា ៥០លានដុល្លារ ដើម្បីទប់ការឡើងថ្លៃប្រេងឥន្ធនៈ

តាកែវ ៖ ថ្លែងចំពោះប្រជាពលរដ្ឋ , សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលថយ ថវិកាជាតិ ៥០លានដុល្លារ ដើម្បីជួយទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈសម្រាប់ជួយប្រជាពលរដ្ឋ។

តាមរយៈសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្ត ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ តម្លៃប្រេងសាំង ៥ ២០០ រៀល និងប្រេងម៉ាស៊ូត ៦ ៩០០ រៀលក្នុង ១លីត្រ។

ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល-សមុទ្រ ខេត្តកែប) នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ក្នុងមួយខែ រដ្ឋត្រូវថយចំណូល ៥០លានដុល្លារ តាមរយៈការថយអាករពិសេសពន្ធនេះ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា «បន្ថែមពីលើនឹង LDC ដើម្បីធានានូវថ្លៃអគ្គិសនីជូនបងប្អូនកុំឱ្យឡើង មកដល់ម៉ោងនេះ LDC ចេញ ១៥លានហើយ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ ដើម្បីទប់ថ្លៃ ព្រោះតម្លៃត្រូវឡើង ហើយប្រទេសខ្លះត្រូវឡើងហើយ តែនៅកម្ពុជា យើងត្រូវទប់»។

ពាក់ព័ន្ធប្រេងឥន្ធនៈឡើងថ្លៃ, សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា រាជរដ្ឋាភិបាល ជួយទប់តម្លៃប្រេងនេះ ក៏បានជួយសម្រួលដល់ប្រជាពលរដ្ឋដែរ។ បើមានសិនមានរយៈពេលវែង រាជរដ្ឋាភិបាល ក៏នឹងមានវិធានបន្ថែមទៀត សម្រាប់ជួយប្រជាពលរដ្ឋ ទោះបី រដ្ឋ ត្រូវថយ ៥០លានដុល្លារ ដើម្បីទុកថវិកាជួយប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងពេលលំបាកនេះ គឺរាជរដ្ឋាភិបាល នៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ សម្ដេច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃផងដែរ៕

To Top