ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន និងភរិយា ជួបសំណេះសំណាល ជាមួយក្រុមគ្រួសារវីរកងទ័ពកម្ពុជា ឈរជើងនៅសមរភូមិមុខ ចំនួន១៣៨គ្រួសារ នៅក្នុងសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងភរិយា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពកម្ពុជាឈរជើងនៅសមរភូមិមុខចំនួន ១៣៨គ្រួសារ នៅក្នុងសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក សូត្រ សង់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស បានបញ្ជាក់ជូនថា៖ នៅទូទាំងស្រុកទឹកផុស មានប្រជាពលរដ្ឋដែលមានគ្រួសារកំពុងឈរជើងនៅសមរភូមិមុខ ជាប់ព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១៣៨គ្រួសារ ស្មើនឹង ៥១១នាក់ ។ លោកបានបញ្ជាក់ជូនថា គ្រួសារវីរកងទ័ពទាំងអស់នៅទូទាំងស្រុកទឹកផុស តែងតែទទួលបានការយកចិត្តទុកដាក់ និងការចុះសួរសុខទុក្ខជាប្រចាំ តាមរយៈអាជ្ញាធរភូមិ ឃុំ រដ្ឋបាលស្រុក ជាពិសេសក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង៩ នៃស្រុកទឹកផុស។

អញ្ជើញមានប្រសាសន៍ ក្នុងពិធីសំណេះសំណាលនោះ លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភជានិច្ចពីសុខទុក្ខរបស់បងប្អូនគ្រួសារវីរកងទ័ព ព្រមទាំងបាននាំមកជាមួយនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាក្រុមគ្រួសារវីរកងទ័ពនៅសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

លោករដ្ឋមន្ដ្រី ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីគោលជំហររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃដោយសន្ដិវិធី តាមរយៈការចរចារទ្វេរភាគីដោយប្រើប្រាស់យន្ដការដែលមានស្រាប់ ការប្រើប្រាស់យន្ដការច្បាប់អន្ដរជាតិ ទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងបញ្ចៀសឱ្យផុតពីការប៉ះទង្គិចគ្នាដោយអាវុធ ឬការធ្វើសង្គ្រាម។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ពនៅសមរភូមិមុខក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី ព្រមទាំងបានធ្វើការថ្លែអំណរគុណ ចំពោះក្រុមគ្រួសារបស់វីរកងទ័ព គ្រប់រូបដែលបានអនុញ្ញាតឱ្យប្តី ប្អូននិងកូន ទៅបំពេញភារកិច្ច ក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ ។

ជាចុងក្រោយ លោករដ្ឋមន្ដ្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តជឿទុកចិត្តលើកងកម្លាំងយោធាកម្ពុជានិងជឿជាក់លើការដឹកនាំរបស់ប្រមុខដឹកនាំកំពូលរបស់ប្រទេសកម្ពុជា ព្រមទាំងបានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមី សូមតាមជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន និងអាយុយឺនយូរ ជាពិសេសជូនពរដល់វីរកងទ័ពជួរមុខ សូមមានសុខភាពល្អមាំមួន និងទទួលជ័យជម្នះគ្រប់សមរភូមិ៕

To Top