ក្រសួងបរិស្ថាន បន្តអន្តរាកមន៍ទប់ស្កាត់ បទល្មើស ធនធានធម្មជាតិ ក្នុងខេត្តព្រះវិហារ
ព្រះវិហារ ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ អាច្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និង ប្រេពាលរដ្ឋសហគមន៍ តំបន់ការពារធម្មជាតិ បានបន្តចុះបង្ក្រាបបទ ល្មើសធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃ ព្រះរការ-ឆែប ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស បានបន្តសហការជាមួយ សហគមន៍ជនជាតិដើមភាគតិចកួយ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុច ជាងជ្រូក ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ រកឃើញគល់ឈើ ដែលជនសង្ស័យលួចកាត់ និងបានប្រមូលនិងដកហូតឈើ ចំនួន ៣.២៧៩(បីម៉ែត្រត្រីគុណ ពីររយចិតសិបប្រាំបួន) និងបានដឹកយកមករក្សាទុកនៅស្នាក់ការ៣៩១ ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា បច្ចុប្បន្ន កំលាំងមន្ត្រីឧទ្យានុរក្ស និងក្រុមការងារជំនាញក្រសួងបរិស្ថាន កំពុងបន្តប្រតិបត្តិការ ចុះបង្រ្កាប និងស្រាវជ្រាវ បទល្មើសធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃព្រះរការ-ឆែប។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រោយមានសេចក្តីរាយការណ៍ស្តីពីបទល្មើសព្រៃឈើក្នុងជម្រកសត្វព្រៃព្រះរការ-ឆែប សមត្ថកិច្ចក្រសួងបរិស្ថាន បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ដែលបានលួចកាប់ និងដឹកជញ្ជូនឈើដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។

មន្រ្តីនគរបាលយុត្តិធម៌ក្រសួង បរិស្ថាន បានកសាងសំណុំរឿង និងបានបញ្ជូនជនសង្ស័យ ទៅតុលការសាលាដំបូង ខេត្តព្រះវិហារ។ បន្ទាប់មកតុលាការ បានសម្រេច ឃុំខ្លួនដាក់ពន្ធធនាគារ។ ក្នុងពេលជាមួយគ្នានេះ សមត្ថកិច្ចបានអនុវត្ត វិធានការច្បាប់ ដកហូតគោយន្ត ចំនួន២គ្រឿង រណាយន្តចំនួន០១គ្រឿង និងឈើចំនួន០.៦៥០ ម៉ែត្រត្រីគុណ យកមករក្សាទុកនៅស្នាក់ការអូរកក់ ក្នុងដែនជម្រកសត្វព្រៃ ព្រះរការ-ឆែប។
ក្រសួងបរិស្ថាន បាននិង កំពុងបន្តពង្រឹងការល្បាត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅ តាមសហគមន៍តំបន់ការពារធម្មជាតិ និងចាត់ត់វិធានការច្បាប់តឹងរ៉ឹង ដើម្បីទប់ស្កាត់បទល្មើស ព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដី ខុសច្បាប់៕

